(ភ្នំពេញ)៖ លោក ​ឈាង វុន ប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភាកម្ពុជា បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ​បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយលោកមានបំណងយកបទពិសោធន៍នេះ ទៅចែករំលែកដល់បណ្តាលសមាជិកសភាប្រទេសផ្សេងទៀត ដែលចូលរួមកិច្ចប្រជុំ APPF ។

ការលើកឡើងរបស់ លោក ឈាង វុន បានធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ APPF នៅសណ្ឋាគារសុខា សៀមរាប។ លោកបានថ្លែងយ៉ាងដូច្នេះ៖ «នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងដំណោះស្រាយនៅកម្ពុជា វិវាទនៅកម្ពុជា ធ្វើឱ្យមានសន្តិភាពនៅកម្ពុជា ធ្វើឱ្យមានស្ថិរភាពនៅកម្ពុជាយើងនេះ»។

លោក ឈាង វុន បានបន្តថា នយោបាយឈ្នះ-ឈ្នះនេះហើយ ជាការរួមចំណែកកសាងផ្លូវដែលអាចប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅដល់គោលដៅមួយរហូតការដល់ការដោះស្រាយជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានស្ថានភាពរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះវិស័យនយោបាយមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជាតិ។

លោកបានបន្ថែមថា កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ ទាំងអស់នេះគឺជាបទពិសោធន៍ដ៏ជូរចត់នៃរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងសកលលោក។ ដូច្នេះបទពិសោធន៍ជូរចត់នេះ ហើយទើបធ្វើឱ្យកម្ពុជា មានសសុខសន្តិភាព ស្ថិរភាព និងមានការវិវត្តន៍គ្រប់បែបយ៉ាងផងដែរ។

លោក ឈាង វុន បានបញ្ជាក់យ៉ាងដូច្នេះ៖ «គឺយើងចង់យកទៅចែករំលែកឱ្យសមាជិកសភា នៃបណ្តាប្រទេសផ្សេងៗទៀតដែលចូលរួម ឱ្យពួកគាត់បានយល់ ក្មួយនៅចងចាំហើយតាំងពីឆ្នាំ២០១៥មក ក្នុងវិស័យការទូតសភានេះ ខ្ញុំបានដាក់គោលដៅធំមួយ ហើយគោលដៅនោះ គឺដើរតាមគោលដៅរបស់សម្តេចតេជោ ហ៊ុន​ សែន កំណត់ដោយសម្តេចច្បាស់លាស់ គឺការលើកស្ទួយ ការពួនជ្រុំសន្តិភាពឱ្យបានរឹងមាំ ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ និងផ្តល់លទ្ធភាពជូនពលរដ្ឋ»។

មន្ត្រីជាន់ខ្ពស់រដ្ឋសភារូប បានបន្ថែមទៀតថា សម្រាប់ថ្ងៃនេះផងដែរ សមាជិកសភាកម្ពុជា នឹងជជែកពិភាក្សាពីតួនាទីរបស់សភាកម្ពុជា ក្នុងការជំរុញសន្តិភាព ស្ថិរភាព ឱ្យមានការអភិវឌ្ឍដោយចីរភាពផងដែរ៕