(សៀមរាប)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចពញាចក្រី ហេង សំរិន បានលើកពីសារសំខាន់របស់ស្រ្តីនៅក្នុងសង្គម ប៉ុន្តែសម្តេចក៏បានលើកឡើងផងដែរថា ដោយសារការរីកចម្រើនខ្លំាងខាងបច្ចេកវិទ្យា សកម្មភាពជ្រុលនិយម ការប្រកាន់ពូជសាសន៍ជាដើម បានក្លាយជាឧបសគ្គ ដល់ការងារខិតខំប្រឹងប្រែងលើកកម្ពស់ស្រ្តី និងកុមារ។

សម្តេច បានលើកឡើងថា ស្ថិតក្នុងស្ថានការណ៍សកលលោកបែបនេះ ទាមទារឲ្យ APPF ត្រូវតែបន្តផ្តោតអារម្មណ៍ និងបង្កើនកិច្ចសហការ ប្រឹងប្រែងរបស់យើង ទ្វេរដងច្រើនឡើងថែមទៀត ដើម្បីសម្រេចឲ្យបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សកលលោក និងសម្រចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

សម្តេច ហេង សំរិន បន្ដថា គួរបង្កើតឲ្យមានយន្តការតាមដាន វាយតម្លៃនិងរៀនសូត្រ អំពីសមភាពយេនឌ័រ នៅក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់តាមដានពីការអនុវត្តសេចក្តីសម្រេច ស្តីពីការផ្តល់ភាពអង់អាច ដល់ស្ត្រីនិងសមភាពយេនឌ័រ និងផ្តល់ការគំាទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចឲ្យបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ជាពិសេសគោលដៅទី៥។

នៅក្នុងឱកាសនោះ សម្តេចពញាចក្រី ហេង សំរិន បានផ្តល់អនុសាសន៍មួយចំនួន ដល់កិច្ចប្រជុំដើម្បីពិចារណា ដែលមានដូចជា៖

ទី១៖ គួរបង្កើតឲ្យមានក្រុមការងារ សម្រាប់សិក្សាអំពីផលប៉ះពាល់ នៃបដិវត្តន៍ឧស្សាហកម្ម ទី៤ ជាពិសេសផលប៉ះពាល់ មកលើស្រ្តី និងក្មេងស្រី និងរៀបចំបង្កើតយុទ្ធសាស្រ្តមួយ ដែលផ្តល់លទ្ធភាពឲ្យស្រ្តី អាចផ្លាស់ប្តូរស្ថានភាពរបស់ខ្លួន ទៅតាមបដិវត្តន៍ ឧស្សាហកម្ម និងទាញយកអត្ថប្រយោជន៍ ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទំាងនោះ។

ទី២៖ ត្រូវបង្កើតឲ្យមានគោលនយោបាយ អប់រំប្រកបដោយចីរភាព និងទូលំទូលាយ និងត្រូវបែងចែកថវិការដ្ឋ ឲ្យបានច្រើនសម្រាប់ជំរុញការអប់រំស្រី្តវ័យក្មេង នៅក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម)។ ការអប់រំជាឧបករណ៍ស្នូលប្រកប ដោយថាមពលខ្លំាងក្លា ដែលអាចផ្តល់លទ្ធភាព និងផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីទូទៅ ដើម្បីសម្រេចឲ្យបាននូវសក្តានុពលរបស់ខ្លួន។

ទី៣៖ សូមបង្កើនការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសការអប់រំមូលដ្ឋានសម្រាប់ក្មេងស្រី ដែលរស់នៅតំបន់ដាច់ស្រយាល និងក្មេងស្រីងាយរងគ្រោះ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសកលលោក។

ទី៤៖ រាល់ប្រព័ន្ធគាំពារសង្គមទាំងអស់ គួរបង្កើនមូលនិធិ និងការយកចិត្តទុកដាក់សម្រាប់ស្រ្តី និងក្មេងស្រី និងជាពិសេសជន ដែលរងគ្រោះដោយប្រធានសក្តិផ្សេងៗ។

សូមជម្រាបថា កិច្ចប្រជុំសមាជិកសភាស្រ្តី APPF ជាកិច្ចប្រជុំមួយ ក្នុងចំណោមវិស័យនានា ដែលកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ ត្រូវលើកមកជជែកពិភាក្សា ដែលមានដូចជា៖ វិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ជាដើម។

បន្ទាប់ពីសម្តេចពញាចក្រី ប្រកាសបើកកិច្ចប្រជុំសមាជិកសភាស្រ្តី APPF រួចហើយ កិច្ចប្រជុំនេះ បានបន្តពិភាក្សាទៀត ក្រោមការដឹកនាំកិច្ចប្រជុំ ដោយលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាស្រ្តី APPF។

កិច្ចប្រជុំសមាជិកសភាស្រ្តី APPF បានធ្វើការពិភាក្សា លើប្រធានបទចំនួនបី រួមមាន៖ ប្រធានបទទី១៖ ការពង្រឹងភាពជាដៃគូ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រធានបទទី២៖ ការធានានូវសមភាពរវាងស្ត្រី និងបុរស ឲ្យទទួលបានការអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីសន្តិភាព និងសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងប្រធានទី៣ គឺ លើកកម្ពស់ សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាច ដល់ស្រ្តីតាមរយៈការបង្កើនការចូលរួមរបស់ស្ត្រី ក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត។

កិច្ចប្រជុំក្រោមការដឹកនាំ របស់លោកស្រី ឃួន សុដារី បានពិភាក្សាលើប្រធានបទចំនួន៣ ដោយបានពិភាក្សាមួយម្តងៗ ដោយបានផ្តល់ឱកាសប្រទេសសមាជិក ចូលរួមបញ្ចេញមតិយ៉ាងផុលផុស។

លោកស្រី ឃួន សុដារី បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី២៧នេះ កិច្ចប្រជុំសមាជិកសភាស្រ្តី បានទទួលសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី ពីប្រតិភូសភាកម្ពុជា សេចក្តីព្រាងសេចក្តីសម្រេចចំនួនពីរ ពីសហព័ន្ធរុស្សី
សេចក្តីព្រាងសេចក្តីសម្រេចចំនួនមួយ ពីប្រទេសឈីលី សេចក្តីព្រាងសេចក្តីសម្រេចចំនួនមួយ ពីប្រទេសអូស្ត្រាលី សេចក្តីព្រាងសេចក្តីសម្រេចចំនួនមួយពីប្រទេសម៉ាឡេស៊ី។

សេចក្តីព្រាងសេចក្តីសម្រេចទំាងនេះ នឹងត្រូវលើកយកទៅជជែកបន្តទៀតនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងនៅថ្ងៃបន្តបន្ទាប់ទៀត៕