(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន​ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៤ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី។

យោងតាមសេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ការកាន់តំណែងជាប្រមុខរាជរដ្ឋាភិបាលពីសំណាក់សម្តេចតេជោ ហ៊ុន​ សែន ធ្វើឲ្យប្រទេស និងប្រជាជនកម្ពុជា ទទួលបានភាពកក់ក្តៅ និងជឿជាក់ជាទីបំផុត។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមសម្តែងនូវគុណូបការៈ និងសាទរគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសថ្ងៃខួបនៃការទទួលបានតំណែង ជានាយករដ្ឋមន្ត្រី ពីប្រជាជនកម្ពុជាតាមរយៈសភារបស់ខ្លួន ក្នុងរយៈពេល៣៤ឆ្នាំ ដែលចាប់ផ្តើមពីខែមករា ឆ្នាំ១៩៨៥ រហូតដល់បច្ចុប្បន្ន»

សេចក្តីថ្លែងការណ៍ដដែល បានឲ្យដឹងបន្តថា «តំណែងជាប្រមុខរាជរដ្ឋាភិបាល ដែលជាជម្រើសរបស់មហាជនខ្មែរនេះ គឺជាសក្ខីភាពនៃប្រសិទ្ធភាព និងថាមពល នៃការដឹកនាំរបស់សម្តេចតេជោ ដែលយើងខ្ញុំទទួលបានភាពកក់ក្តៅ និងជឿជាក់បំផុត»សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ៖