(សៀមរាប)៖ នៅព្រឹកថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dato' Haji Mohd.Rashid Bin Hasnon អនុប្រធានរដ្ឋសភាម៉ាឡេស៊ី នៅ​សណ្ឋាគារសុខាអង្គរសៀមរាប ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ ​វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) និង​កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។​

ថ្លែងទៅកាន់អនុប្រធានរដ្ឋសភាម៉ាឡេស៊ី ដែលជាមិត្តភក្តិជាង១០ឆ្នាំមកហើយ ​ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ ដល់ភាគីម៉ាឡេស៊ី ដែលជាភាគីដៃគូជាមិត្តជិតស្និទ្ធរបស់កម្ពុជា តែងតែដើរនាំមុខក្នុងការជ្រោមជ្រែងសហគមន៍ខ្មែរឥស្លាម ក្នុងបេសកកម្មមនុស្សធម៌ លើគ្រប់វិស័យ ដែលសកម្មភាពនេះ​លោកចាត់ទុកថា ម៉ាឡេស៊ីគឺជាដៃគូដើរលំដាប់លេខមួយ បើប្រៀបធៀបនឹងបណ្តាប្រទេសផ្សេងៗ ដែលកំពុង​ចូលរួមអភិវឌ្ឍន៍ លើកកម្ពស់លើគ្រប់វិស័យជូនសហគមន៍ខ្មែរឥស្លាម។

លោកអនុប្រធានសភាម៉ាឡេស៊ី បានថ្លែងការកោតសរសើរដល់ការដឹកនាំដ៏ល្អរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា ដែលបានប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការរីកចម្រើនគ្រប់វិស័យ ស្ទើរតែមិនអាចជឿពីភាពជឿនលឿនគ្រប់បែបយ៉ាងមកដល់បច្ចុប្បន្ន ជាពិសេសកម្ពុជាត្រូវបានទទួលស្គាល់ក្នុងតំបន់ និងអន្តរជាតិជាប្រទេសគំរូ ដែលរក្សាបាននូវសន្តិភាព និងសុខដុមបនីយកម្ម៕