(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារ អំពីគម្រោងគាំទ្រហិរញ្ញប្បទានដល់ផលិតកម្មបន្លែ និងស្វែងរកដំណោះស្រាយ លើបញ្ហាមួយចំនួន ដែលជាផលវិបាករបស់កសិករដាំដុះបន្លែ របស់បងប្អូនចងក្រងជាសហគមន៍ និងរបស់ក្រុមហ៊ុនទទួលទិញបន្លែ ។

ក្នុងនោះមានអ្នកចូលរួមប្រជុំរួមមាន តំណាងក្រុមហ៊ុនប្រមូលទិញបន្លែចំនួន១២ក្រុមហ៊ុន លោក Nabeshima katusuhito ទីប្រឹក្សាធនាគារអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកបច្ចេកទេសកសិកម្ម, លោកអគ្គនាករង និងបុគ្គលិកជំនាញ របស់ធនាគារអភិវឌ្ឍន៍ជនបទ។

 លោក កៅ ថាច បានលើកឡើងថា គោលដៅនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ សហគមន៍ដំាបន្លែនៅទូទាំងប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនទទួលទិញបន្លែដែលជាផ្នែកឯកជន ហើយធនាគារអភិវឌ្ឍន៍ជនបទ ជាអ្នកទំលាក់ឥណទាន ដោយអត្រាការប្រាក់ អនុគ្រោះដល់បណ្តាសហគមន៍ ឬក្រុមហ៊ុនទិញបន្លែក្នុងករណី មានតម្រូវការហិរញ្ញវត្ថុបន្ថែម។

លោកអគ្គនាយកបញ្ជាក់ថា ការទម្លាក់ឥណទាននេះជាផ្នែកមួយ ដើម្បីធានាបាននូវសុខុមាលភាព ដល់ប្រជាជនហូបបន្លែ និងជួយកាត់បន្ថយការនាំចូលបន្លែ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរទទួលទានដាំដុះបន្លែ និងជួយកាត់បន្ថយការធ្វើចំណាក់ស្រុករបស់បងប្អូន ប្រជាកសិករបានទៅក្រៅប្រទេស។

ជាលទ្ធផលនៃកិច្ចប្រជុំ ធនាគារអភិវឌ្ឍន៍ជនបទនឹងចូលរួមចំណែក៖

* ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសហគមន៍ ក្រុមហ៊ុនប្រមូលទិញបន្លែ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែរបស់កសិករដំាបន្លែ ព្រមទាំងជួយគាំទ្រនូវផ្នែកទុនវិនិយោគដល់កសិករផលិត និងសហគមន៍ ឬ ក្រុមហ៊ុនប្រមូលទិញបន្លែ ដើម្បីបង្កើនការប្រមូលទិញបន្លែពីកសិករ។

* បង្កើតមន្ទីរពិសោធន៍គុណភាពបន្លែឯករាជ្យ។

* សហការជាមួយសហគមន៍ ក្រុមហ៊ុនប្រមូលទិញបន្លែ ដោយបង្កើតស្តង់លក់បន្លែខ្មែរ នៅរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

* សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយផ្នែកដឹកជញ្ជូនបន្លែ។

* បង្កើតឲ្យមានសមាគមប្រមូលទិញបន្លែ ដោយមានកិច្ចសហការ ពីធនាគារអភិវឌ្ឍន៍ជនបទ។

* រៀបចំការប្រជុំយ៉ាងហ៊ោចណាស់១ ខែម្តងជាមួយ សហគមន៍ និងក្រុមហ៊ុន ទទួលទិញបន្លែ ដើម្បីតាមដានវឌ្ឍនៈ ភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានា៕