(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិ កម្ពស់៤៥ជាន់ ដែលមានទុនវិនិយោគប្រមាណ ១៥០លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

គម្រោងអគារពាណិជ្ជកម្មចម្រុះនេះមានទីតាំងស្ថិតតាមបណ្តោយផ្លួវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស ៥ មករា ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២២។

ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន បានចាប់ដៃគូជាមួយ សណ្ឋាគារម៉ារៀតអន្តរជាតិ ដែលជាសណ្ឋាគារឈានមុខគេ និងធំជាងគេមួយក្នុងពិភពលោក ដើម្បីសាងសង់សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ក្នុងអាគារពាណិជ្ជកម្មចម្រុះដ៏ធំមួយនេះ។

ក្រៅពីសណ្ឋាគារលំដាប់អន្តរជាតិ អគារពាណិជ្ជកម្មចម្រុះអន្តរជាតិនេះក៏មាន អគារការិយាល័យទំនើប រោងភាពយន្តខ្នាតធំ ស្កាយបារ និងជាពិសេសផ្សារទំនើបកម្ពស់៥ជាន់ រួមជាមួយនឹងទីតាំងចតយានជំនិះធំទូលាយផងដែរ។
ថ្លែងក្នុងកម្មវិធីបញ្ចុះបឋមសិលា លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន បានឲ្យដឹងថា តាមរយៈកិត្តិនាមរបស់ក្រុមហ៊ុនជីប ម៉ុង នៅកម្ពុជា និងកិត្តិនាមរបស់សណ្ឋាគារ ម៉ារៀតអន្តរជាតិដែលជាក្រុមហ៊ុនសណ្ឋាគារធំជាងគេមួយ នៅលើពិភពលោក នឹងនាំមុខមាត់ថ្មី និងកិត្តិនាមថ្មី ជូនប្រទេសកម្ពុជា។

ការសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ខាងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា។

ក្រុមហ៊ុនជីប ម៉ុង ជាក្រុមហ៊ុនឈានមុនគេមួយនៅកម្ពុជាដែលវិនិយោគលើពហុអាជីវកម្មរួមមានដូចជា សម្ភារសំណង់ ការអភិវឌ្ឍលំនៅឋាន ស្រាបៀរនិងភេសជ្ជៈ ចំណីសត្វ ឧស្សាហកម្ម សណ្ឋាគារនិងបដិសណ្ឋារកិច្ច ផ្សារទំនើប ព្រមទាំងធនាគារដែលនឹងគ្រោងសម្ពោធក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕