(កំពង់ស្ពឺ)៖ អគារមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលមានកម្ពស់៥ជាន់ និងគ្រឿងបរិក្ខារបំពាក់ជាច្រើន ដោយចំណាយទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីនោះ លោក វ៉ី សំណាង បានថ្លែងថា ការសាងសង់អគារកម្ពស់រហូត៥ជាន់ ដោយមានបំពាក់គ្រឿងបរិក្ខា ត្រូវចំណាយអស់ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ បានមកពីការជួយឧបត្ថម្ភគាំទ្រ ពីសប្បុរសជន សម្រាប់សុខភាពប្រជាពលរដ្ឋ តាមរយៈគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា មានតែសុខភាពនេះហើយ ដែលមនុស្សលោកមិនអាចខ្វះបាន។

លោកអភិបាលបន្តថា «មានសុខភាពធ្វើឲ្យយើងរីកចម្រើន ឧទាហរណ៍ការបង្កបង្កើនផល ការរកទទួលទានផ្សេងៗ ដើម្បីប្រាក់ចំណូលសម្រាប់គ្រួសារ និងបានជួយអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជាគឺចាំបាច់ត្រូវការ សុខភាព»

លោកអភិបាលខេត្ត បានឲ្យដឹងថែមទៀតថា ពេលនេះយើងជាអាជ្ញាធរតំណាងឲ្យខេត្ត តំណាងឲ្យប្រជាជននៅក្នុងខេត្តកំពង់ស្ពឺទាំងមូល មានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងការទទួលបាននូវអគារមន្ទីរពេទ្យថ្មី និងបំពាក់គ្រឿងបរិក្ខាពីលោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលបានខិតខំចំណាយថវិកា និងពេលវេលាចូលរួមជួយកសាងអគារមួយនេះ ដែលនឹងត្រូវបានចាប់ផ្ដើមសាងសង់នៅដើមឆ្នាំនេះ ហើយនឹងបញ្ចប់សាងសង់នៅឆ្នាំ២០២០ ប្រើប្រាស់ការសាងសង់រយៈពេលមួយឆ្នាំ។

សូមបញ្ជាក់ផងដែរថា រយៈពេលកន្លងមកនេះ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បានជួយសាងសង់អគារសម្ភព និងរោគស្ត្រី មានកម្ពស់បីជាន់មួយផងដែរ៕