(ភ្នំពេញ)៖ សម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខាសៀមរាប ខណៈដែលលោកស្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាឡាវ ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី​២៧ នៅទឹកដីអង្គរ​​។

ប្រធានរដ្ឋសភាកម្ពុជា និងឡាវ បានសម្តែងមោទនភាព​ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភា​ទាំងពីរ ដែលបានដំណើរការទៅដោយរលូន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក និងបានចុះអនុស្សរណៈយោគយល់គ្នាផងដែរ ក្នុងការពង្រឹងកិច្ចសហប្រតិការ ជាមួយគ្នា​ឲ្យកាន់តែរឹងមាំថែមទៀត។

លោកស្រី ផានី យ៉ាថូទូ បានថ្លែងអំណរគុណ និងអបអរសារទចំពោះការរៀបចំកិច្ចប្រជុំ APPF លើកទី២៧​ របស់សភាកម្ពុជាថា​ បានដំណើរល្អជាមួយខ្លឹមសារ ដែលមានសារៈសំខាន់។ ជាមួយគ្នានេះ លោកស្រី បានសង្កេតឃើញថាប្រទេសកម្ពុជា មានការីកចម្រើនគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលចុងក្រោយនេះ ដែលបង្ហាញឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់​គណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោតថ្មីៗទៀត កាលពីឆ្នាំ ២០១៨នេះ។

ប្រធានរដ្ឋសភាប្រទេសឡាវ បានគាំទ្រលើខ្លឹមសារអនុស្សរណៈ ដែលបានចុះហត្ថលេខានាឱកាសនេះ និងបានស្នើសូមសម្តេចប្រធានរដ្ឋសភា បន្តជំរុញកិច្ចសហប្រតិបត្តិការសភា​ប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំ រហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរបង្កើត​ឲ្យមាន សិក្ខាសាលារួមគ្នា។

លោកស្រី ផានី យ៉ាថូទូ បានស្នើសូមរដ្ឋាភិបាលប្រទេសទំាងពីរ ជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្មរវាងប្រទេសទំាងពីរ ដែលនៅមានកម្រិតឲ្យបានកើនឡើង ហើយរដ្ឋសភាប្រទេសឡាវ បានថ្លែងអំណរគុណដែលកម្ពុជា បានសន្យាទិញថាមពលអគ្គិសនីពីកម្ពុជា។

ជាមួយគ្នានេះ សម្តេច​ពញាចក្រី ហេង សំរិន ​បានក៏កោតសរសើរចំពោះរដ្ឋសភាឡាវ ដែលបានរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ APPF លើកទី១៧ កាលពីឆ្នាំ២០០៩ ប្រកបដោយភាពជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពរបស់វេទិកានេះ ដើម្បីសម្រេចបាន នូវចក្ខុវិស័យរួមរបស់តំបន់ គឺការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាព៕​