(កំពង់ចាម)៖ សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសបារាំង នឹងនាំថ្នាំពេទ្យប្រមាណ២តោនកន្លះ ដើម្បីយកមកព្យាបាលប្រជាពលរដ្ឋចំនួន ៥ស្រុក នៅក្នុងខេត្តកំពង់ចាម។ នេះតាមការឲ្យដឹង ពីតំណាងសមាគមគ្រូពេទ្យបារាំង លោកស្រី ហ្សង់ ដាមែន ដែលបានជួបប្រជុំពិភាក្សាជាមួយ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមនាថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩ នៅសាលប្រជុំសាឡុង នៃសាលាខេត្តកំពង់ចាម។

លោកស្រី ហ្សង់ ដាមែន បានឲ្យដឹងថា លោកស្រីនឹងនាំយកថ្នាំពេទ្យ ពីប្រទេសបារាំងចំនួន២តោនកន្លះ ដែលគិតជាទឹកប្រាក់ប្រមាណជាជាង ៤ម៉ឺនអឺរ៉ូ និងត្រៀមថវិកា សម្រាប់ចំណាយផ្សេងៗ នៅក្នុងបេសកកម្មនេះប្រមាណជា ៨ម៉ឺនអឺរ៉ូទៀត ក្នុងបេសកកម្ម ព្យាបាលប្រជាពលរដ្ឋចំនួន៥ស្រុក រយៈពេល១០ថ្ងៃ នៅក្នុងខេត្តកំពង់ចាម។

លោកស្រី បានបន្តថាការចុះមកព្យាបាលប្រជាពលរដ្ឋ ធ្វើឡើងដោយចេញពីទឹកចិត្តស្រលាញ់ និងចង់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រនោះតែម្ដង។ ក្រុមគ្រូពេទ្យនឹងមកពីប្រទេសបារាំង ចំនួន៤១នាក់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ដោយក្នុងនោះមានក្រុមគ្រូពេទ្យកម្ពុជា ចូលរួមចំនួន ១០នាក់ផងដែរ ដើម្បីចូលរួមជួយបំពេញបេសកកម្មនេះ។

ស្ថិតក្នុងឱកាសនោះ លោកគួច ចំរើន បានសម្ដែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ និងសហការដោយរីករាយ ក្នុងដំណើរការបេសកកម្ម របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដែលនឹងនាំថ្នាំពេទ្យ ក៏ដូចជាសម្ភារផ្សេងៗ មកព្យាបាលដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាមនេះ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ប្រទេសបារាំង ដែលបានត្រៀមនូវថ្នាំពេទ្យជាច្រើន និងថវិកាច្រើនសន្ធឹកសន្ធាប់សម្រាប់បេសកកម្មនេះ។

សូមបញ្ជាក់ផងដែរថា ថ្ងៃកំណត់ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋទាំង៥ស្រុកនោះ នៅមិនទាន់ដឹងនៅឡើយទេ។ ចំពោះទីតាំងស្រុកទាំង៥ ដែលនឹងត្រូវបំពេញបេសកកម្ម គឺស្រុកព្រៃឈរ ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកកោះសូទិន និងស្រុកកំពង់សៀម៕