(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍ដ៏កក្រើកមួយ បានកើតឡើងនោះ គឺផ្ទុះក្បាលគ្រាប់១០៥មីល្លីម៉ែត្រ ដែលបន្សល់ពីសម័យសង្គ្រាម និងជាកេរ្តិ៍មរតករបស់ មហាអំណាចអាមេរិក ដោយបានបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់ និង៩នាក់ផ្សេងទៀត​រងរបួស ស្ថិត​នៅចំណុចភូមិព្រែកតូច ឃុំជីរោទ៌ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ភ្លាមៗក្រោយទទួលបានព័ត៌មានដ៏តក់ស្លុតមួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះគ្រួសារ នៃសព និងបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធជួយសង្គ្រោះជនរងគ្រោះទាំង៩រូប ដែលរងរបួសដោយសារហេតុការណ៍នេះ។

តាមរយៈទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជា, សម្តេចតេជោនាយករដ្ឋមន្រ្តី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំយកសំណល់ជាតិផ្ទុះពីសង្រ្គាម គ្រប់ប្រភេទយកទៅប្រើប្រាស់ និងកែច្នៃធ្វើជារបស់របផ្សេងៗជាដាច់ខាត់ ពីព្រោះសំណល់ជាតិផ្ទុះទាំងនោះ នៅតែអាចធ្វើឲ្យយើងរងគ្រោះថ្នាក់បាននៅឡើយ។

លោក ហាក់ សុខមករា អភិបាលរង​ខេត្ត និង​ជាប្រធានគណៈកម្មការសកម្មភាពមីនខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅមុនពេលកើតហេតុ ​ប្រជាពលរដ្ឋខ្មែរឥស្លាម បានយកសំបកក្បាលគ្រាប់១០​៥ យកមកស្ល និងសំណដើម្បីចាក់ធ្វើជើងអួនម៉ាញ់ (ឧបករណ៍នេសាទ) ស្រាប់តែបណ្ដាលឲ្យផ្ទុះផ្លោងចូលក្នុងផ្ទះ ​ស្លាប់មនុស្សម្នាក់ អាយុ៣៦ឆ្នាំ និងរងរបួសមនុស្ស ចំនួន០៩នាក់ (ធ្ងន់០៥នាក់)។​

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបាន​ចាត់ឲ្យមន្រ្តី ចុះពិនិត្យ និង​ជួយសង្គ្រោះ​ជាបឋម ព្រមទាំង​នាំយកថវិកា​ជួយដល់​អ្នករងគ្រោះ​ដល់ស្លាប់ ចំនួន​៤០ម៉ឺនរៀល និង​​អ្នកដែលរបួស ចំនួន២០ម៉ឺនរៀល ក្នុងម្នាក់ៗ​ជាការជួយសម្រួលក្នុងការដោះស្រាយចំពោះមុខ។