(ក្រិក)៖ រដ្ឋមន្ត្រីការពារជាតិក្រិក លោក Panos Kammenos បានសម្រេចចិត្តលាលែងពីតំណែងហើយ ជាការតវ៉ាប្រឆាំងជំទាស់នឹងកិច្ចព្រម ព្រៀងមួយជុំវិញការប្ដូរឈ្មោះប្រទេសម៉ាសេដូនី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។

លោក Kammenos បានដាក់ពាក្យលាលែងចេញពីមុខតំណែងឱ្យនាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras កាលពីថ្ងៃអាទិត្យ ក្រោយចូលរួម ក្នុងកិច្ចប្រជុំមួយ។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«ឈ្មោះរបស់ប្រទេសម៉ាសេដូនីនៅតែជាបញ្ហា... ដែលមិនអាចឱ្យខ្ញុំបន្ត​កាន់​តំណែងជារដ្ឋមន្ត្រីការពារជាតិបានទៀតនោះទេ»។ ដោយឡែកជាការឆ្លើយតប នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras បានប្រកាសថា​នឹងរៀបចំការបោះឆ្នោតលើសេចក្ដីទុកចិត្តមួយនៅក្នុងរដ្ឋាភិបាលរបស់លោកក្នុងសប្ដាហ៍នេះ។ ប៉ុន្តែ ការលាលែងចេញពីតំណែងរបស់លោក Kammenos ត្រូវបានគេមើលឃើញនឹងបង្កជាផលប៉ះពាល់អវិជ្ជមានដល់រដ្ឋាភិបាកចម្រុះក្រិកបច្ចុប្បន្ន នៅមុនការបោះឆ្នោតជាតិចូលមកដល់។

គួរបញ្ជាក់ថា ក្រិកមានខេត្តមួយមានឈ្មោះដូចប្រទេសម៉ាសេដូនី។ ដូច្នេះទើបទីក្រុងអាតែន បានស្នើឱ្យទីក្រុង Skopje ប្ដូរឈ្មោះប្រទេសរបស់​ខ្លួន ហើយប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះ ដោយប្ដូរឈ្មោះម៉ាសេដូនីទៅជាសាធារណរដ្ឋម៉ាសេដូនីខាងជើង។ ប៉ុន្តែ លោក Kammenos បាននិយាយថាកិច្ចព្រមព្រៀងទំាងឡាយដែលនៅតែមានឈ្មោះម៉ាសេដូនី គឺជារឿងមិនអាចទទួលយកបាន។

ចំណែកឯ សភាម៉ាសេដូនីបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងប្ដូរឈ្មោះនេះហើយកាលពីថ្ងៃសុក្រកន្លងទៅ តែវាអាចចូលជាធរមានបានទាល់តែ​សភាក្រិកផ្ដល់សច្ចាប័នដូចគ្នាជាមុនសិន៕​