(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមករា ឆ្នាំ២០១៩ សម្រាប់២សប្តាហ៍ លើកទី១ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះតទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្តទូទាំងប្រទេស។ ​នេះបើតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជ​ន។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បី ប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ ​នៅទូទាំងប្រទេស ហើយសម្រាប់អ្នកដែលមានកាត ATM អាចបើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ​ នៅទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង២រសៀលតទៅ។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមករា​ ឆ្នាំ២០១៩ បានចេញសារាចរ ស្ដីពីការកំណត់នីតិវិធីសម្រាប់បើកផ្ដល់ប្រាក់របបសន្ដិសុខសង្គម រៀងរាល់ពីសប្ដាហ៍ម្ដងក្នុងខែនីមួយៗ ជូនអតីតមន្ដ្រីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក។

ការចេញសារាចរ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺក្នុងគោលបំណង ដើម្បីធានាបើកផ្តល់របបសន្តិសុខសង្គម​ ជូនអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជ​ន និងអ្នកនៅក្នុងបន្ទុកតាម​រយៈបេឡាជាតិសន្តិសុខសង្គម ​សម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស) ​និងបេឡាជាតិអតីតយុទ្ធជ​ន (ប.ជ.អ) បានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ នៅរៀងរាល់២សប្តាហ៍ម្តង ក្នុង១ខែ នីមួយៗ៕