(មណ្ឌលគិរី)៖ ខ្លឹមសារដ៏សំខាន់មួយដែលលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រកាសក្នុងពិធីរំលឹកខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា គឺការអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារឱ្យបានគង់វង្សនូវសមិទ្ធផលដែលសម្រេចបាន ក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងត្រូវចូលរួមផ្សព្វផ្សាយពីសមិទ្ធផលទាំងនោះទៅអ្នកដទៃឱ្យបានទូលំទំលាយ។

ពិធីរំលឹកខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រនេះ ប្រារព្ធឡើងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង/ស្រុក ប្រជាពលរដ្ឋ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាព យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ២,០០០នាក់។

ថ្លែងក្នុងអង្គមិទ្ទិញ លោក ស្វាយ សំអ៊ាង បានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានលើកឡើងថា ប្រសិនជាគ្មានថ្ងៃ៧មករានោះទេ គឺគ្មានសមិទ្ធផលរីកដុះដាលរហូតមកដល់បច្ចុប្បន្ននេះទេ។

លោកបន្តថា ដោយសារកម្លាំងមហាសាមគ្គីជាតិនេះហើយ ទើបធ្វើឱ្យប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាបទៅ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយការពារ និងថែរក្សាសន្តិភាព ដែលរកបានដោយលំបាកបំផុតនេះ ឱ្យស្ថិតស្ថិរគង់វង្សប្រកបដោយនិរន្តភាព សម្រាប់អនាគត់យូរអង្វែងតទៅ និងត្រូវរួមគ្នាជួយផ្សព្វផ្សាយពីសមិទ្ធផល ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងសម្រេចបានឲ្យទៅដល់ប្រជាពលរដ្ឋទូទៅ បានយល់ជ្រោតជ្រាបកាន់តែច្បាស់ពីការរីកម្រើនរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា ក្នុងអង្គមិទ្ទិញនោះដែរ ក៏មានការដង្ហែរក្បួនរថយន្តបុស្បុកចំនួន ៧គ្រឿង រួមមាន៖ រថយន្តរដ្ឋបាលសាលាខេត្ត រថយន្តតំណាងកងកម្លាំងទាំងបី រថយន្តតំណាងក្រុង-ស្រុកទាំង៥ និងរថយន្តតំណាងមន្ទីរជំនាញចំនួន៤ និងការដើរព្យូហយាត្រាចែកចេញជា ១២ផែន៕