(ភ្នំពេញ)៖ លោក​ អ៊ុំ សីហា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកល្វាឯម បានថ្លែងថា ដោយសារតែមាន សម្តេចតេជោ ហ៊ុន សែន និងយុទ្ធជនស្នេហាជាតិ ជាច្រើនរូបទៀត បានតស៊ូប្តូរផ្តាច់ យកជីវិតទៅប្តូរ រំដោះពលរដ្ឋជាច្រើនលានអ្នកចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងបានរីកចម្រើនដូចថ្ងៃនេះ។

លោក អ៊ុំ សីហា បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជំនះ៧មករា នៅស្រុកល្វាឯម ខេត្តកណ្តាល។ ពីធីនេះដែរក៏មានការចូលរួមពីមន្ត្រីពាក់ពន្ធ័ រួមទាំងប្រជាពលរដ្ឋប្រមាណជិត៧០០នាក់ផងដែរ។

លោក ភឹម ភីរ៉ា ប្រធានគណបក្សស្រុកល្វាឯម បានឡើងអានសុន្ទរកថា ទាំងស្រុងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅក្នុងកម្មវិធី នាពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅទូទាំងប្រទេសកម្ពុជា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧មករា ២០១៩) ពិសេសពាក់ព័ន្ធនឹងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ ក្នុងរបបខ្មែរក្រហម ដែលជារបបប្រល័យពូជសាសន៍មួយ ដែលប្រជាជនខ្មែរទូទាំងប្រទេសមិនអាចបំភ្លេចបាននោះទេ។

លោក​ អ៊ុំ សីហា បានថ្លែងថា ​ដោយសារតែប្រទេសកម្ពុជា បានឆ្លងកាត់របបដ៏សាហាវយង់ឃ្នងនោះហើយ បានធ្វើឱ្យប្រជាជន៣លាននាក់បានស្លាប់យ៉ាងអយុត្តិធម៌ជាទីបំផុត ហើយសមិទ្ធផលនានា បានបំផ្លាញខ្ទេចខ្ទី ហើយដោយសារតែមានថ្ងៃរំដោះ ៧មករា នេះហើយ ទើបបានស្រោចស្រង់ប្រទេស​ជាតិបានឡើងវិញ ដោយសារមានសម្តេចតេជោ ហ៊ុន សែន និងមានយុទ្ធជនជាច្រើនទៀត បានតស៊ូ ប្តូរផ្តាច់ យកជីវិតទៅប្តូរ ទើបយើងមានការអភិវឌ្ឍ និងបានរីកចំរើនដូចថ្ងៃនេះ។

លោកបានបន្តថា ជាក់ស្តែង រយៈពេល៤០ឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជា បានស្ថិតក្នុងស្ថានការណ៍មួយ គឺសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពទឹកដី ជាដើម ដែលទាំងអស់នេះ សុទ្ធសឹងតែចេញពីនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបញ្ជាក់ថា បើប្រៀបធៀបពីពេលនោះ និងពេលបច្ចុប្បន្ននេះ វាពិតជាខុសគ្នាដូចមេឃនិងដី បើនិយាយពីពេលនោះ ពីការសម្លាប់យ៉ាងព្រៃផ្សៃនោះ លោកគឺតែងតែស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន។ ព្រឹត្តិការណ៍នៅពេលនោះ វាគឺជាប្រវត្តិសាស្ត្រដ៏សែនឈឺចាប់បំផុត ដែលយើងមិនអាចបំភ្លេចបាននោះទេ ហើយមកដល់ពេលនេះ ដោយមានសម្តេចតេជោ បានដឹកនាំរំដោះពីសម័យនោះ ដោយបានទទួលបាននូវសន្តិភាពពេញលេញ ហើយដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេច ទើបប្រទេសជាតិយើងមានការរីកចម្រើន សេដ្ឋកិច្ចមានការកើនឡើង ប្រជាពលរដ្ឋរស់នៅដោយសុខសន្តិភាព កាត់បន្ថយបានភាពក្រីក្រ និងបានអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ បានគ្រប់ទីកន្លែងផងដែរ ៕