(ព្រះវិហារ)៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង ខេត្តព្រះវិហារ លោក ហោ ប៊ុនហ៊ួរ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមវត្តមាន លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ។

ពិធីប្រកាសចូលកាន់តំណែង បានធ្វើឡើង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ឃុំ ភូមិជាច្រើនរូបទៀត។

លោក អ៊ុន ចាន់ដា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលធំជាងគេ ដែលមានប្រជាប្រិយភាពមានការគាំទ្រច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ លោកបានជំរុញថ្នាក់ដឹកនាំ គណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ត្រូវបន្តធ្វើនូវអំពើល្អជានិច្ច ជាមួយប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា ក៏បានជំរុញមន្ត្រីគណបក្សប្រជាជនកម្ពុ ជាពិសេសលោកប្រធានគណបក្សស្រុករវៀង ដែលទើបតែងតាំងថ្មី ត្រូវមានសាមគ្គីភាពគ្នាឯកភាពផ្ទៃក្នុង។ លោកសង្កត់ធ្ងន់ថា គ្មានគណបក្សណា អាចផ្តួលរំលំគណបក្សប្រជាជនកម្ពុជាបានទេ មានតែមន្ត្រីគណបក្សប្រជាជនកម្ពុជាទេ ដែលអាចផ្តួលរំលំ គណបក្សប្រជាជនកម្ពុជាខ្លួនឯងបាន ដោយផ្តើមចេញពីការបែកបាក់សាមគ្គីនេះឯង។

លោក​ ហោ ប៊ុនហ៊ួរ ដែលត្រូវបានតែងតាំងថ្មីនេះ បានប្តេជ្ញាចិត្តខិតខំធ្វើការ ដោយរួមសហការ ជាមួយមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ទូទាំងស្រុករវៀង ដើម្បីដណ្តើមជ័យ ជូនគណបក្សប្រជាជនកម្ពុជា គ្រប់ការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត៕