(ភ្នំពេញ)៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា សំណេររបស់ប្រធានកិត្តិយសគណបក្សខ្មែរក្រោក លោក ព្រំ ពិសិដ្ឋ បានសាងកំហុសធំចំនួនពីរ។ កំហុសទី១ គឺបំភ្លៃប្រសាសន៍ដើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកំហុសទី២ គឺមើលងាយធ្ងន់ធ្ងរចំពោះអ្នកសារព័ត៌មាន។

ប្រតិកម្មរបស់លោក ប៉ែន បូណា បានធ្វើឡើងបន្ទាប់ពីលោក ព្រំ ពិសិដ្ឋ តាមរយៈគណនី Facebook «គណបក្សខ្មែរក្រោក ភូមិភាគពិសស» បានប្រើសម្តីប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើអ្នកព័ត៌មាន និងកាសែតកម្ពុជា។ លោក ព្រំ ពិសិដ្ឋ បានសរសេរលើ Facebook នៅយប់ថ្ងៃទី១២ ខែមករា យ៉ាងដូច្នេះ «សម្ដេច ខឹងពួកអ្នកកាសែតជាង ៥,០០០នាក់ គ្មានចេះវាយប្រហារអាមេរិក? បើសមត្ថភាពមិនដល់ផងឲ្យវ៉ៃបកយ៉ាងម៉េច? កាសែត ខ្ចប់ចេកចៀនហ្នឹង! Funny»

ឆ្លើយតបសំណេរនេះ លោក ប៉ែន បូណា បានលើកឡើងថា ធ្វើជាអ្នកនយោបាយត្រូវមានសីលធម៌ខ្ពស់បន្តិចទើបអាចទទួលបានការគាំទ្រ។ លោកបានបន្ថែមទៀតថា សំណេររបស់លោក ព្រំ ពិសិដ្ឋ លើបណ្តាញសង្គម Facebook នេះ បានសាងកំហុសធំៗពីរ៖

ទី១៖ គឺការបំភ្លៃសម្តីដើមរបស់សម្តេចតេជោ ហ៊ុន សែន។ លោក បូណា បានបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានមានប្រសាសន៍បែបនេះទេ។ សម្តេចគ្រាន់តែចង់ឲ្យអ្នកសារព័ត៌មានខ្មែរមានសមត្ថភាពចេះតាមដាន ស្រាវជ្រាវ និងវិភាគព័ត៌មានអន្តរជាតិ ដូចជាករណីអាមេរិកដកទ័ពពីប្រទេសស៊ីរីជាដើមគឺមិនបានខឹងសម្បារអ្នកកាសែតថាមិនចេះវាយប្រហារអាមេរិកដូចការលើកឡើងទេ។ ផ្ទុយទៅវិញសម្តេចនាយករដ្ឋមន្ត្រីអំពាវនាវឲ្យលុបបំបាត់ការជេរប្រមាថគ្នាតាមហ្វេសប៊ុកដូចដែលលោកខ្មែរក្រោកកំពុងធ្វើពេលនេះ។

ទី២៖ គឺជាការមាក់ងាយធ្ងន់ធ្ងរចំពោះអ្នកសារព័ត៌មានដែលបានខិតខំបំពេញការងាររបស់ខ្លួន និងកំពុងពង្រឹងសមត្ថភាពវិជ្ជាជីវៈយ៉ាងសកម្មដើម្បីបម្រើសង្គមឲ្យកាន់តែល្អប្រសើរ។ គាត់អាចរិះគន់ កែលម្អរបានប្រសិនបើឃើញចំណុចខ្វះខាត តែមិនត្រូវជេរប្រមាថឡើយពីព្រោះវាមិនមែនសីលធម៌របស់ខ្មែរ។

ប្រធានក្លឹបអ្នកកាសែតកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា កំហុសធំៗទាំងពីរនេះ បញ្ជាក់ថា ប្រធានកិត្តិយសគណបក្សខ្មែរក្រោកនៅមិនទាន់ស័ក្តិសមធ្វើជាអ្នកនយោបាយទេ។ ដូច្នេះ គួរតែកែតម្រូវពាក្យពេចន៍ឡើងវិញ និងខិតខំរៀបចំខ្លួនឲ្យបានល្អជាងនេះ។

សូមបញ្ជាក់ថា អ្នកព័ត៌មាននៅកម្ពុជាជាច្រើនបានខឹងសម្បាចំពោះសម្តីឥតសីលធម៌របស់ប្រធានកិត្តិយសបក្សដែលមានប្រធានជាក្មេងមានប្រវត្តិមិនល្អរុំស្រោមដោយរឿងអាស្រូវបោកប្រាស់គេ និងវាយធ្វើបាបភរិយាជាដើមនោះ។

ភ្លាមៗក្រោយការប្រតិកម្មរបស់អ្នកព័ត៌មាន មេបក្សដែលមានប្រវត្តិជាក្មេងមិនល្អបានចេញមកច្រានចោល និងបដិសេធមិនទទួលស្គាល់គណនី Facebook ខាងលើ។ តែតាមការស្រាវជ្រាវទៅលើប្រវត្តិសកម្មភាពដែលបង្ហោះលើគណនីមួយនេះ បានបង្ហាញថា វាជារបស់លោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសខ្មែរក្រោក។

ភស្តុតាងដែលអាចបញ្ជាក់បានយ៉ាងច្បាស់នោះ គឺនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ព្រំ ពិសិដ្ឋ បានផ្សាយផ្ទាល់លើគណនីមួយនេះដោយនិយាយពីការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការផ្សាយផ្ទាល់បែបនេះ មិនមានជនដទៃណាមួយអាចមកធ្វើបាននោះឡើយ ក្រៅតែពីម្ចាស់គណនីផ្ទាល់។

មកដល់ពេលនេះដើម្បីគេចវេសពីការទទួលខុសត្រូវលោក ព្រំ ពិសិដ្ឋ បានព្យាយាមលុបវីដេអូរបស់ខ្លួន ដែល Live នៅលើគណនី Facebook មួយនេះ ហើយក៏បានកែពាក្យពេចន៍ដែលបានសរសេរនោះផងដែរ ក្រោយអ្នកព័ត៌មានប្រតិកម្ម៕