(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជនជាតិបារាំង និងជនជាតិចិន ២កន្លែងផ្សេងគ្នា ដោយមួយករណីនៅខណ្ឌដូនពេញ និងមួយករណីទៀត នៅខណ្ឌចំការមន រាជធានីភ្នំពេញ។

វរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ បានធ្វើឡើងក្រោមការណែនាំ និងបញ្ជាផ្ទាល់ពី​ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអគ្គស្នងការរងនគរបាលជាតិ ទទួលផែនកណ្ដាលនគរបាលយុត្តិធម៌។

បើតាមលោកវរសេនីយ៍, នៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ កម្លាំងល្បាតរបស់ការិយាល័យបានបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃជនជាតិបារាំង)​ ត្រង់ចំណុច​មុខសាលាចតុមុខ​ ផ្លូវ​​ព្រះនរោត្តម ខណ្ឌដូនពេញ ពេលនោះកម្លាំង​បានឃាត់ខ្លួន សង្ស័យចំនួន០២នាក់ ដោយម្នាក់ឈ្មោះ សុខ​ ឧត្តម អាយុ១៥ឆ្នាំ និងឈ្មោះ ផាំ​ មិនកង​ អាយុ១៦ឆ្នាំ។ ក្នុងនោះដកហូតបាន ទូរសព្ទ័ដៃជនរងគ្រោះ ម៉ាកiPhone​X ពណ៌ខ្មៅ និង ម៉ូតូធ្វើសកម្មភាពម៉ាក ស៊ុយសូគីនិច​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​1GO​-​9567 ជនសង្ស័យ និងសម្ភារដកហូតខាងលើការិយាល័យបានសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធី។​

ដោយឡែក នៅវេលាម៉ោង០៩៖២១នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កម្លាំងល្បាតរបស់ការិយាល័យ​បានបង្ក្រាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃជនជាតិចិន) ត្រង់ចំណុច​សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដោយឃាត់ខ្លួនសង្ស័យចំនួន០២នាក់ឈ្មោះ ដាំ សុភ័ក្រ ​អាយុ២៥ឆ្នាំ និងឈ្មោះ ប៉ុល ខួចចិន្តា​ អាយុ២៥ឆ្នាំ។ ​ដកហូតបានទូរស័ព្ទដៃជនរងគ្រោះ ម៉ាក One Plus និង​ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ពាក់ស្លាកលេខ​ភ្នំពេញ​1HK​-​5893 ជនសង្ស័យ និងសម្ភារដកហូតខាងលើ ការិយាល័យបានសាកសួរ និងក៏សាងសំណុំរឿងតាមនីតិវិធី៕