(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង ប្រធានក្រុមការងារចុះជួយ ស្រុករមាសហែក នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) នៅមន្ទីរបក្សស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា ជាច្រើនរូបផងដែរ។

លោក សៅ សុខា បានថ្លែងថា បងប្អូនបានស្តាប់សុន្ទរកថាទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអានដោយ លោក រស់ ឆាយ អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក រួចមកហើយ ក្នុងនោះដែរ លោកក៏បានថ្លែងអំណរគុណ សមាជិក សមាជិកា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានរួមគ្នាក្នុងការថែរក្សាសន្តិសុខ ក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ហើយការចូលរួម ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា នាពេលនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការដឹង‍‌ឮ ប្រវត្តិដ៏ជូរចត់ ពីអតីតកាលរបស់ប្រទេសជាតិ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងនិយាយនាពេលនេះ វាជារឿងពិតដែលបានកើតមានឡើង នៅក្នុងប្រទេសជាតិយើង ដោយសារផលប្រយោជន៍ នយោបាយមានមជ្ឈដ្ឋានខ្លះ ជាពិសេសមជ្ឈដ្ឋានប្រឆាំងនឹងថ្ងៃ៧មករា គឺពួកគេមិនទទួលស្គាល់ថាថ្ងៃនេះ រំដោះជាតិធ្វើឱ្យប្រជាជន រស់រានមានអាយុឡើងវិញ ពិតប្រាកដនោះទេ គឺពួកគេតែងតែថាជាថ្ងៃក្លែងក្លាយ ជាថ្ងៃឈ្លានពានរបស់បរទេស មកលើប្រទេសកម្ពុជា ប៉ុន្តែធាតុពិតគឺដូចសុន្ទរកថា របស់សម្តេចតេជោដែលបានឡើង»។

ក្នុងនោះដែរ លោក សៅ សុខា បានជំរុញឱ្យសិស្សានុសិស្ស សិក្សាស្រាវជ្រាវឱ្យច្បាស់ពីប្រវត្តិពិតប្រាកដ របស់ប្រទេសកម្ពុជាផងដែរ។ លោកបន្តថា «ត្រូវស្វែងយល់ថា តើហេតុអ្វីបានជាយើង លើកយករឿងអតីតកាល មករៀបរាប់ពេលនេះ ហើយតើវាមានតម្លៃយ៉ាងណា? ហើយបើយើងមិនដឹងពីអតីតកាលថា តើវាកើតឡើងល្អឬអាក្រក់ និងអ្វីដែលគួរចៀសវាងនោះទេ ហើយរឿងអតីតកាលដដែល នឹងកើតឡើងម្តងទៀត»

លោក សៅ សុខា បានបញ្ជាក់បន្ថែមថា ជាក់ស្តែងសាលាក្តីខ្មែរក្រហម បានឆ្លុះបញ្ជាំងពីរឿងពិតរបស់កម្ពុជា បើមិនដូច្នេះទេ បរទេសមិនឧបត្ថម្ភថវិកា ដើម្បីជួយដំណើរការសាលាក្តីខ្មែរក្រហមនោះឡើយ។

លោកក៏បានឱ្យបងប្អូនប្រជាពលរដ្ឋ ជំរុញទាំងអស់គ្នាក្នុងយុទ្ធនាការទ្រង់ទ្រាយធំ របស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា មានបញ្ហាព្រៃឈើ កាប់រុករានដីធ្លី អាជីវកម្មរ៉ែ ការនេសាទដោយខុសច្បាប់ យុទ្ធនាការទាប់ស្កាត់ការប្រើប្រាស់ ជួញដូរ ផលិតគ្រឿងញៀន និងចូលរួមរក្សាសន្តិសុខភូមិ-ឃុំឱ្យមានសុវត្ថិភាព ពិសេសត្រូវផ្តល់ព័ត៌មានដល់សមត្ថកិច្ច កុំលាក់បំពូនពួកចោរ ទោះបីជាសាច់ញាតិ ឬអ្នកភូមិផងរបងជាមួយកដោយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍៕