(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានប្រាប់ឲ្យថ្នាក់ដឹកនាំគណបក្សខ្មែរក្រោកកែសម្រួលពាក្យពេចន៍ ឬលុបចេញពីលើ Facebook នូវពាក្យពេចន៍ដែលបានសរសេរប្រមាថមើលងាយដល់អ្នកព័ត៌មាន និងកាសែតនៅកម្ពុជា។

សំណើរបស់លោក ហ៊ុយ វណ្ណៈ បានធ្វើឡើង បន្ទាប់ពីលោក ព្រំ ពិសិដ្ឋ តាមរយៈគណនី Facebook «គណបក្សខ្មែរក្រោក ភូមិភាគពិសស» បានប្រើសម្តីប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើអ្នកព័ត៌មាន និងកាសែតកម្ពុជា។ ប្រធានកិត្តិយសបក្សរូបនេះ បានសរសេរលើ Facebook នៅយប់ថ្ងៃទី១២ ខែមករា ថា «សម្ដេច ខឹងពួកអ្នកកាសែតជាង ៥,០០០នាក់ គ្មានចេះវាយប្រហារអាមេរិក? បើសមត្ថភាពមិនដល់ផងឲ្យវ៉ៃបកយ៉ាងម៉េច? កាសែត ខ្ចប់ចេកចៀនហ្នឹង! Funny»

លោក ហ៊ុយ វណ្ណៈ បានថ្លែងយ៉ាងដូច្នេះ «ប្រយ័ត្នជាន់បន្ទាត់ក្រហម សមាជិកបក្សមួយគួរកែសម្រួល និងលុបសារពី Facebook របស់ខ្លួនចេញទៅ។ ខណៈនេះ អ្នកសារព័ត៌មានកំពុងប្រតិកម្ម ចំពោះការប្រមាថ និងការបំភ្លៃខុសពីប្រសាសន៍ដើមរបស់ សម្តេចនាយករដ្ឋមន្ត្រី។ បើមិនត្រូវបានអញ្ជើញឲ្យចូលរួមស្តាប់ផ្ទាល់ គួរចូលមើលខ្លឹមសារដើមក្នុង Page សម្តេចនាយក។ ធ្វើនយោបាយ បើមិនស្គាល់តួនាទីសារព័ត៌មាន គឺមិនខុសពីចូលសមរភូមិ មិនស្គាល់គ្រាប់មីននោះទេ»

សូមបញ្ជាក់ថា ក្រៅពីលោក ហ៊ុយ វណ្ណៈ នៅមានអ្នកព័ត៌មាននៅកម្ពុជាជាច្រើនទៀតកំពុងក្តៅក្រហាយ និងខឹងសម្បាចំពោះសម្តីឥតសីលធម៌របស់ប្រធានកិត្តិយសបក្ស ដែលមានប្រធានជាក្មេងមានប្រវត្តិមិនល្អរុំស្រោមដោយរឿងអាស្រូវបោកប្រាស់គេ និងវាយធ្វើបាបភរិយាជាដើម។

ភ្លាមៗក្រោយការប្រតិកម្មរបស់អ្នកព័ត៌មាន មេបក្សដែលមានប្រវត្តិជាក្មេងមិនល្អបានចេញមកច្រានចោល និងបដិសេធមិនទទួលស្គាល់គណនី Facebook ខាងលើ។ តែតាមការស្រាវជ្រាវទៅលើប្រវត្តិសកម្មភាពដែលបង្ហោះលើគណនីមួយនេះ បានបង្ហាញថា វាជារបស់លោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសខ្មែរក្រោក។

ភស្តុតាងដែលអាចបញ្ជាក់បានយ៉ាងច្បាស់នោះ គឺនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ព្រំ ពិសិដ្ឋ បានផ្សាយផ្ទាល់លើគណនីមួយនេះដោយនិយាយពីការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការផ្សាយផ្ទាល់បែបនេះ មិនមានជនដទៃណាមួយអាចមកធ្វើបាននោះឡើយ ក្រៅតែពីម្ចាស់គណនីផ្ទាល់៕