(ភ្នំពេញ)៖ នាវេលាព្រឹកថ្ងៃ១៣ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅភោជនីយដ្ឋាន រ៉ាឌី ស្ថិតតាមណ្តោយផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២១៤ អគារលេខ២១ និងអគារលេខ២៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ បណ្ដាលឱ្យខូចខាតសម្ភារប្រើប្រាស់នៅក្នុងហាងបន្តិចបន្តួច តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបង្កឱ្យមនុស្សណាម្នាក់រងរបួស និងស្លាប់ឡើយ។

លោក ព្រហ្ម យ៉ន​នាយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ភោជនីយដ្ឋាន រ៉ាឌី ខាងលើមានឈ្មោះ ចាន់ កញ្ញា ភេទស្រី អាយុ៣០ឆ្នាំ។

លោកថា មូលហេតុដែលនាំឱ្យមានអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងនោះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ១គ្រឿង និងប្រេីប្រាស់ទឹកអស់ចំនួន ១ឡាន។

ខណៈដែលរដូវនេះជារដូវប្រាំង អាកាសធាតុក្ដៅផងនោះ សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី គប្បីបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់ជាទីបំផុតចំពោះបញ្ហាចរន្តអគ្គិសនីនេះ៕