(បាត់ដំបង)៖ លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ពិធីបុណ្យដាលាន ដែលរៀបចំធ្វើឡើង ដោយអគ្គនាយកដ្ឋាន កសិកម្ម សហការជាមួយអាជ្ញាធរដែនដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅស្ថានីយពូជស្រូវទួលសំរោង ក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ដបាត់ដំបង។

ពិធីបុណ្យដាលាននេះ ក៏មានការអញ្ជើញចូលរួមពី លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោកអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេនចំពោះព្រះករុណាគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានវត្តមាននៅទីនេះ សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ទាក់ទងនឹងពិធីបុណ្យដារលាននាពេលនេះ លោករដ្ឋមន្រ្តី វេង សាខុន បានរំលឹកជូនអង្គពិធីជ្រាប ដោយសង្ខេបពីប្រវត្តិបុណ្យនេះថា បុណ្យដារលាន ជាបុណ្យដែលទាក់ទងទៅនឹងជំនឿសាសនា របស់ប្រជាពលរដ្ឋខ្មែរ ភាគច្រើន ជាកសិករ តែងតែប្រកាន់ខ្ជាប់នូវប្រពៃណីនេះ ក្រោយពីបញ្ចប់ការច្រូតស្រូវ និងបោកបែនរួចរាល់ ក្នុងគោលបំណងរក្សានូវអត្ដសញ្ញាណព្រលឹងជាតិខ្មែរ គោរពដឹងគុណចំពោះម្ចាស់ទឹក ម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិ។

លោកបន្ដទៀតថា ក្នុងនោះ ក៏ដូចជាបង្កឱកាសជូនប្រជាកសិករ ឲ្យជួបជុំញាតិមិត្ដជិតឆ្ងាយ ដើម្បីពង្រីកនូវចំណងភាតរភាព សាមគ្គីភាព និងមិត្តភាព ហើយផ្លាស់ប្ដូរយោបល់គ្នា អំពីការងារបង្កបង្កើនផល និងជាពិសេស គឺដើម្បីកម្សាន្ដសប្បាយ បន្ទាប់ពីបានចំណាយកម្លាំងកាយ និងកម្លាំងចិត្តគ្រប់បែបយ៉ាង នៅក្រោមកម្ដៅព្រះអាទិត្យ និងភ្លៀងផ្គរយ៉ាងប្ដូរផ្ដាច់ អស់រយៈពេលពេញមួយរដូវ បង្កបង្កើនផលកន្លងមក។

លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីជ្រាប ដោយសង្ខេបផងដែរ អំពីស្ថានភាពទូទៅ នៃការវិវឌ្ឍន៍ផ្នែកនយោបាយ សង្គម និងការវិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល រួមជាមួយផែនការ និងទិសដៅអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។

ដើម្បីបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យកសិកម្ម ឲ្យមានការរីកចម្រើនបន្ថែមទៀត ឆ្លើយតបតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងជាពិសេស ដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មសំដៅ លើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម សមស្រប តាមចក្ខុវិស័យ និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល គឺដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជាធាតុចូល និងជាពុទ្ធិសម្រាប់អង្គពិធី យកទៅអនុវត្តបន្ត៖

ទី១៖ ត្រូវលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបតាមតម្រូវការទីផ្សារ និងមានភាពប្រកួតប្រជែង ដោយត្រូវបង្កើនផលិតភាព គុណភាព និងពិពិធកម្ម តាមរយៈការបង្កើនការវិនិយោគ លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ ពូជសត្វ និងវារីវប្បកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់ បន្តជំរុញការអភិវឌ្ឍកសិដ្ឋានគំរូ និងការផ្តល់សេវាបច្ចេកទេសកសិកម្ម ការប្រើប្រាស់ពូជធន់ដែលផ្តល់ទិន្នផលខ្ពស់ ពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្ម និងពង្រីកយន្តការផលិតកម្ម កសិកម្មតាមកិច្ចសន្យា ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ទំនើប និងឌីជីថល ដើម្បីកាត់បន្ថយពលកម្ម និងបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ ដើម្បីជំនួសការនាំចូល។

ទី២៖ ពង្រីកការអនុវត្តទំនើបកម្ម កសិកម្មតាមសហគ្រាសកសិកម្មធុនតូច និងមធ្យម និងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ឲ្យមានលក្ខណៈជាអាជីព ដោយជំរុញឲ្យអនុវត្តបច្ចេកវិទ្យាសមស្រប ព្រមទាំងលើកកម្ពស់ ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែចង្វាក់តម្លៃកសិកម្ម ដើម្បីផ្សារភ្ជាប់កសិករខ្នាតតូច ទៅនឹងទីផ្សារតាមអភិក្រម «ភាពជាដៃគូក្នុងចំណោម រដ្ឋ-ឯកជន-ផលិតករ»
ហើយផ្នែកឯកជនត្រូវកំណត់ជ្រើសរើស យកសហគមន៍កសិកម្មជាដៃគូសហការផលិត និងប្រមូលទិញកសិផល តាមរយៈការអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ទី៣៖ បន្ដកិច្ចសហប្រតិបត្ដិការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍នានា ឲ្យបានល្អប្រសើរ ដើម្បីផ្តល់ព័ត៌មានថ្មីៗ ស្ដីពីបច្ចេកទេសផលិតកម្មកសិកម្ម ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ដើម្បីដោះស្រាយបញ្ហា ដែលកសិករជួបប្រទះទាន់ពេលវេលា និងមានប្រសិទ្ធភាព៕