(ភ្នំពេញ)៖ អ្នកព័ត៌មាននៅកម្ពុជាបានខឹងសម្បាយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំគណបក្សខ្មែរក្រោក ដែលបានប្រើសម្តីប្រមាថមើលងាយអ្នកព័ត៌មាននៅកម្ពុជា រហូតហៅកាសែតនៅស្រុកខ្មែរថាជាកាសែត «ខ្ចប់ចេកចៀន»។ ជាមួយការខឹងសម្បាក្រុមអ្នកព័ត៌មានគ្រោងធ្វើសកម្មភាពផ្សេងៗឲ្យថ្នាក់ដឹកនាំបក្សនេះចេញមកកែតម្រូវពាក្យសម្តី និងសុំទោសជាសាធារណៈជាដើមចំពោះការប្រមាថមួយនេះ។

ការខឹងសម្បាបានកើតមានឡើងបន្ទាប់គណនី Facebook របស់ថ្នាក់ដឹកនាំខ្មែរក្រោកមួយឈ្មោះថា «គណបក្សខ្មែរក្រោក ភូមិភាគពិសស» មានរូបលោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសបក្សខ្មែរក្រោកភ្ជាប់នៅលើ Profile នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានសរសេរថា «សម្ដច ខឹងពួកអ្ននកាសែតជាង ៥,០០០នាក់ គ្មានចេះវាយប្រហារអាមេរិក? បើសមត្ថភាពមិនដល់ផង អោយវ៉ៃបកយ៉ាងម៉េច? កាសែត ខ្ចប់ចេកចៀននឹង! Funny»

តាមពិតទៅសម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបជាមួយអ្នកព័ត៌មានក្រោមបរិយាកាសដ៏ស្និទ្ធស្នាលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មិនបានសម្តែងកាយវិការខឹងសម្បាណាមួយចំពោះអ្នកព័ត៌មានដូចការលើកឡើងរបស់ថ្នាក់ដឹកនាំបក្សខ្មែរក្រោកនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន មានតែការថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកព័ត៌មានក្នុងបេសកកម្មការងារផ្សព្វផ្សាយដំណឹង និងធ្វើជាស្ពានចម្លងដំណឹងពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ឬពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាល។

បន្ថែមពីលើនោះសម្តេចនាយករដ្ឋមន្ត្រីចង់ឲ្យអ្នកព័ត៌មាននៅកម្ពុជាហ៊ានសរសេរវិភាគចំពោះស្ថានការណ៍វិវឌ្ឍន៍របស់អន្តរជាតិ ដូចជាបញ្ហានៅសហរដ្ឋអាមេរិកជាដើម។ អ្វីដែលសម្តេចតេជោលើកឡើងនោះ គ្រាន់តែជាសំណូមពរតែប៉ុណ្ណោះ មិនមែនជាការបង្គាប់បញ្ជាអ្វីនោះឡើយ ព្រោះសម្តេចបានយល់ច្បាស់ណាស់ពីរបបសារព័ត៌មានរបស់កម្ពុជា ជាព័ត៌មានឯករាជ្យមិនមាននរណាម្នាក់ទៅបង្គាប់បញ្ជាស្ថាប័នព័ត៌មាន ឬអ្នកព័ត៌មានណាមួយនោះឡើយ។

លោក​ ពុយ​ គា​ អគ្គលេខាធិការ​ក្លិប​អ្នក​កាសែត​កម្ពុជា​ បានបង្ហាញការសោកស្តាយ​ចំពោះការលើកឡើងនេះ។ លោកបានចាត់ទុកការប្រើសម្តីនេះវាធ្ងន់បន្តិចហើយ និងចង់ឲ្យប្រធានកិត្តិយសបក្សនេះប្រើសម្តីឲ្យបានសមរម្យជាងនេះ។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្តាំទៅថ្នាក់ដឹកនាំបក្សនេះថា ប្រយ័ត្នជាន់បន្ទាត់ក្រហម ហើយគួរតែលុបសារពី Facebook របស់ខ្លួនរបស់ខ្លួន។

«ខណៈនេះ អ្នកសារព័ត៌មានកំពុងប្រតិកម្ម ចំពោះការប្រមាថ និងការបំភ្លៃខុសពីប្រសាសន៍ដើមរបស់ សម្តេចនាយករដ្ឋមន្ត្រី។ បើមិនត្រូវបានអញ្ជើញឲ្យចូលរួមស្តាប់ផ្ទាល់ គួរចូលមើលខ្លឹមសារដើមក្នុង Page សម្តេចនាយក។ ធ្វើនយោបាយ បើមិនស្គាល់តួនាទីសារព័ត៌មាន គឺមិនខុសពីចូលសមរភូមិ មិនស្គាល់គ្រាប់មីននោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុយ វណ្ណៈ។

លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ក៏បានសម្តែងការសោកស្តាយផងដែរចំពោះសម្តីប្រមាថមើលអ្នកព័ត៌មានកម្ពុជា រហូតប្រដូចកាសែតស្រុកខ្មែរទៅនឹងក្រដាសខ្ចប់ចេកចៀននេះ។

លោកបានលើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យដូចនៅកម្ពុជាព័ត៌មានកំពុងដើរតួនាទីរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការសង្គមជាតិ ដោយបានធ្វើជាស្ពានចម្លងនូវដំណឹងគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល និងពីស្ថាប័ននានាជូនទៅប្រជាពលរដ្ឋ ហើយក៏បានពាំនាំនូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋជូនរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជូនដល់រាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធស្វែងរកដំណោះស្រាយបានឆាប់រហ័ស ហើយក៏មានប្រសិទ្ធភាពផងដែរ។

អ្នកព័ត៌មានរូបនេះបានបន្ថែមថា អ្នកព័ត៌មាននៅកម្ពុជាភាគច្រើនបំផុតបម្រើការកើតចេញពីឆន្ទៈ មនសិការរបស់ខ្លួន ព្រោះថាការបំពេញការងារនេះមិនមានការឧបត្ថម្ភថវិកាពីស្ថាប័នរដ្ឋ ឬប្រជាពលរដ្ឋណាមួយនោះឡើយ។ ថវិកាដែលបានគឺបានពីស្ថាប័នព័ត៌មានដែលពួកគេយកកម្លាំងកាយ បញ្ញាញាណរបស់គេទៅប្តូរយកមក។

អ្នកព័ត៌មានរូបនេះបានឆ្លៀតចោទសួរទៅថ្នាក់ដឹកនាំបក្សខ្មែរក្រោកថា អ្នកព័ត៌មានទោះមិនរស់ដោយលុយជាតិ និងប្រជាជន តែបានធ្វើការងារជាច្រើនសម្រាប់ជាតិ និងប្រជាជន ចុះគណបក្សខ្មែរក្រោកក្នុងតួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចាយលុយជាតិ និងប្រជាជនអស់ជាច្រើនខែមកហើយនោះ បានធ្វើការជាប្រយោជន៍ជាតិ និងប្រជាជនបានអ្វីខ្លះហើយ? បេសកកម្មយកកោះត្រល់ដល់ណាហើយ ឬបានត្រឹមតែស្រែកកោក វាយធុង វាយប៉ោតយកតែមុខទេ?

លោក វ៉ាន់ សារាយ បានទាមទារឲ្យគណបក្សខ្មែរក្រោកធ្វើការកែតម្រូវ និងសុំទោសចំពោះសម្តីប្រមាថរបស់ខ្លួនផងដែរ។

លោក បាន ចក់ អ្នកព័ត៌មានមកពីទូរទស្សន៍ BTV បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងរហូតបានប្រើពាក្យធ្ងន់ទៅលើបក្សនេះថែមទៀតផង។ លោក បាន ចក់ បានសរសេរលើ Facebook ថា «អាមេបក្សដុំអាចម៍ឈ្មោះមិនចំខ្មែរផងហើយដើរបោកតែស្រីឆ្កួតមកចង់ដៀលគេហា... ចាប់ពីពេលនេះតទៅអញធ្វើសង្គ្រាមហ្វេសបុកជាមួយហែងហើយអាយេន»

លោក បាន ចក់ ថែមទាំងបានបន្ថែមថា លោកបានដឹងរឿងពីអតីតកាលរបស់មេបក្សរូបនេះយ៉ាងច្រើនថែមទៀតផង តែលោកមិនចង់ទម្លាយ។

សូមបញ្ជាក់ថា គណបក្សខ្មែរក្រោកមានមេបក្សឈ្មោះថា លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ឬហៅថា William Guang ដែលជាបុគ្គលរុំស្រោបដោយរឿងអាស្រូវមិនសូវល្អមួយចំនួន មានទាំងការដើរបោកនារីៗជាដើម។ បក្សនេះត្រូវបានបង្កើតឡើងនៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ តែមិនទទួលបានអាសនៈនោះឡើយក្នុងព្រឹត្តិការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨នោះ។

បក្សមួយនេះត្រូវបានគេមើលឃើញថា មិនបានធ្វើសកម្មភាពដុំកំភួនណាមួយជាប្រយោជន៍សម្រាប់សង្គមជាតិនោះឡើយ។ គេនៅមើលឃើញទៀតថា គណបក្សដែលមានឧកញ៉ា សុខ លីម ជាប្រភពទ្រទ្រង់ថវិកាមួយនេះ កំពុងយកគណបក្សមួយនេះធ្វើជាខែលដើម្បីវាយប្រហារអ្នករកស៊ីនៅក្នុងស្រុកខ្មែរ ដែលប៉ះពារជាមួយជំនួញរបស់ខ្លួន។