(ប៉ារីស)៖ ភ្នាក់ងារពន្លត់អគ្គីភ័យ២នាក់បានបាត់បង់ជីវិត ហើយមនុស្សយ៉ាងហោចណាស់ចំនួន៤៧នាក់ផ្សេងទៀតបាន​​រង​របួស ក្នុងហេតុការណ៍ផ្ទុះយ៉ាងកក្រើកដែលគេសង្ស័យថា បង្កឡើងដោយការធ្លាយហ្គាសនៅ​​​កណ្តាលទីក្រុង​ប៉ារីស។ នេះ​បើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីមហាផ្ទៃបារាំង ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។

លោក Christophe Castaner រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងបានឲ្យដឹងថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយ បានកើតចេញពីក្នុង​ហាងនំប៉័ងមួយកន្លែងដែលបិទទ្វារ នៅជាប់ផ្លូវ Rue de Trevise ក្នុងសង្កាត់ទី៩ នៃ​រដ្ឋធានីប៉ារីស ចំពេលមាន​មនុស្សម្នា​ច្រើនកុះករកំពុងដើរ​ទៅមកនៅក្នុងតំបន់ពាណិជ្ជកម្មដ៏មមាញឹក ហើយវាបានបង្កការខូចខាតដល់អគារ ហាងលក់​ទំនិញ និងយានជិះ​​​​ជា​​ច្រើនគ្រឿង ដែលស្ថិតនៅក្បែរៗនោះថែមទៀតផង។

គួរជម្រាបថា ឆ្លើយតបចំពោះហេតុការណ៍នេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង២០០នាក់ និងប៉ូលិសប្រមាណជា១០០នាក់ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ហើយឧទ្ធម្ភាគចក្រ២គ្រឿង ក៏ត្រូវបានបញ្ជូនទៅឲ្យជម្លៀសជនរងគ្រោះ​ផងដែរ​​។ ជាមួយគ្នានេះ អាជ្ញាធរបារាំងបានអះអាងថា ករណីខាងលើគឺជារឿងគ្រោះថ្នាក់ចៃដន្យសុទ្ធសាធ ដែលទំនងមកពីការលេចធ្លាយហ្គាស៕