(ភ្នំពេញ)៖ ករណីស្គាល់គ្នាតាម Facebook មួយខែ ហើយណាត់ចូលផ្ទះសំណាក់បៃតង រួចធ្វើសកម្មភាពប្លន់យកទ្រព្យពីនារីស្រស់ស្អាតម្នាក់អស់ ប្រមាណ៣,០០០ដុល្លារនោះ ពេលនេះកម្លាំង​អាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃការិយាល័យ​បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីអាវុធហត្ថខណ្ឌរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដោយជនសង្ស័យឈ្មោះ ឌីណា ពុទ្ធិសាក់ ​ហៅក្រៅទី អាយុ​២១ មុខរបរសិស្សសាលា មានស្រុកកំណើត​ និងទីលំនៅបច្ចុប្បន្នភូមិអង្គកែវ សង្កាត់​ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សូមជម្រាបថា ​នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពបោកនារីស្រស់ ស្អាតលក់ទំនិញ Onlinម្នាក់ ដែលស្គាល់គ្នាតាម​ Facebook ឲ្យទៅជួបរូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុប​ទឹកប្រាក់ជាង​៣,០០០ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេស ក្នុងបណ្តាញសង្គម​។​

ក្រោយមានហេតុការណ៍នេះ និងអនុវត្តតាម​វិធានការណ៍ជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យព្រមសារភាពទទួលកំហុសថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅ​ទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee (ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈ Facebook ឲ្យជួបនិងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន។

ដោយឡែក សម្ភារដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឧត្តម, ស្នា និង ជា ដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់ និងលក់បន្ត។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត៕​