(ភ្នំពេញ​)៖ ក្រសួងអប់រំ​ យុវជន​ និងកីឡា​, អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងសាលាប៊ែលធីអន្តរជាតិ​ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានសហការបេីកយុទ្ធនាការផ្សព្វផ្សាយបង្ការ ទប់ស្កាត់ការជ្រៀតចូល នៃគ្រឿងញៀនខុសច្បាប់ក្នុងជួរយុវជននៅតាមគ្រឹះស្ថានសិក្សា​សាធារណៈ​ និងឯកជនក្រោមអធិបតីភាពលោកស្រី​ បណ្ឌិត​ សឿ​ សុជាតា​ អនុរដ្ឋលេខាធិការ លោក ហង់ជួន​ ណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួងអប់រំ​ យុវជន​ និងកីឡា។

ក្នុងនាមលោក​បណ្ឌិត​ លី​ ឆេង អគ្គនាយក​ប៊ែលធីគ្រុប និងលោក​ ប៊ុត​ ឌី​ម៉ង់​ ប្រ​ធាន​កា​រិ​យា​ល័យ​ចំ​ណេះ​ទូ​ទៅសាលាប៊ែលធី​អន្តរជាតិ ​បាន​ថ្លែងថា​ សាលាប៊ែលធីកន្លងមកតែងតែសហការជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធធ្វេីការងារជួយសង្គមផ្សេងៗសំដៅបង្ការទប់ស្កាត់ការីករាលដាល បញ្ហាសង្គម​មានដូចជា​ ផ្សព្វផ្សាយការប្រឆាំងអំពេីពុករលួយ​ សុវត្ថិភាពចំណីអាហារ​ ចរាចរណ៍​ ជំងឺេអដស៍​ ហេីយនៅពេលនេះសិស្សានុសិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ ចំនួន១៨៩៩នាក់មកពី១៩សាខាទទួលបានចំណេះដឹងទូទៅ ពីបញ្ហាគ្រឿងញៀន។

​លោក​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាន​នីតិកម្ម​ អប់រំ​ និងស្តានីតិសម្បទា​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងសាលាប៊ែលធីអន្តរជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងរលូនក្នុងគោលបំណងតែមួយ​ ឆន្ទៈតែមួយសំដៅទប់ស្កាត់បញ្ហាគ្រឿងញៀន កុំឲ្យរីករាលដាលនៅក្នុងសង្គម​ សហគមន៍មូលដ្ឋាន​។

ក្នុង​ឱ​កាស​នោះ​ដែរ​ លោកស្រីបណ្ឌិត​ សឿ ​សុ​ជា​តា​ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​​ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ សា​លា​ប៊ែល​ធី​អន្តរ​ជាតិដែល​ជានិច្ចជាកាលផ្តល់កិច្ចសហការ​ និងចូលរួមនូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី សឿ ​សុ​ជា​តា​ បានបន្តថា​ យុវជនជាទំពាំងស្នងឬស្សី​ ជាធនធានសម្រាប់បន្តវេនដ៏មានសក្តានុពលរបស់ប្រទេសនៅថ្ងៃអនាគត​នោះ ជាគោលដៅប្រឈមទៅនឹងបញ្ហាគ្រឿងញៀន ដែលតម្រូវឲ្យយេីងទាំងអស់ត្រូវតែរួមគ្នា​គិត​ រួមគ្នាដោះស្រាយបង្ការពួកគេ កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់គ្រឿងគ្រឿងញៀន​។

លោ​កវរសេនីយ៍ទោ​ យិន​ យឿត​ ​អនុប្រធាននាយកដ្ឋាន​នីតិកម្ម​ អប់រំ​ និងស្តានីតិសម្បទា​ ​បានលេីកយកមកបង្ហាញមានជូនសិស្សានុសិស្សអំពី អ្វីជាគ្រឿងញៀន​? ប្រភេទនៃគ្រឿងញៀន​ ផលប៉ះពាល់នៃគ្រឿងញៀន ​(ខ្លួនឯង​ ក្រុមគ្រួសារ​ និងសង្គម) និងកត្តានាំប្រេីប្រាស់គ្រឿងញៀន​ ចំណេះ​ដឹងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕