(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុកនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ស្អែកនេះ ក្រសួងការពារជាតិ នឹងដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ដ្រីយោធា ឆ្នាំ២០១៩ នៅមណ្ឌលរាជធានីភ្នំពេញ និងមណ្ឌលនៅតាមយោធភូមិភាគទាំងអស់នៅទូទាំងប្រទេស។

ដើម្បីធានាដល់តម្លាភាព សុក្រឹត យុត្តិធម៌ក្នុងការប្រឡងនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការ ប្រលងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ ដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ រឹតបន្តឹងវិន័យប្រឡង ដោយហាមដាច់ខាតមិនឲ្យអ្នកគ្មានភារកិច្ចចូលមណ្ឌលប្រឡងនោះឡើយ រួមទាំងមន្ត្រីយោធាដែលពាក់ផ្កាយពីរ ផ្កាយបីផងដែរ។

ការដាក់បំរាមរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីបានសង្កេតឃើញថា ការប្រឡងបណ្ដាឆ្នាំកន្លងទៅមានមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន គ្មានភារកិច្ចក្នុងការប្រឡង​បានជូនកូន ក្មួយ ឬសាច់ញាតិ ចូលក្នុងមណ្ឌលប្រឡង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ការគ្រប់គ្រងបទបញ្ជាត្រូវធ្វើឲ្យបានច្បាស់លាស់ ហើយមិនឲ្យមានអ្នកផ្សេងចូល (មណ្ឌលប្រឡង)។ កន្លងទៅពេលខ្លះនៅភ្នំពេញ គាត់ចូលមកផ្កាយពីរ ផ្កាយបី ជូនក្មួយមកអត់ត្រូវមានសិទ្ធិចូលទៅក្នុងណុងទេ ចឹងគឺសុំនៅខាងក្រៅ អ្នកដែលមានតួនាទី និងភារកិច្ចបានឲ្យចូលសុំឲ្យច្បាស់»

មេបញ្ជាការកងទ័ពជើងគោករូបនេះ បានសង្កត់ធ្ងន់ថា ការប្រឡងជ្រើសរើសមន្ត្រីយោធានេះ គឺត្រូវធ្វើឲ្យអ្នកជាប់ ជាប់ដោយរីករាយ ដោយមោទន ហើយអ្នកធ្លាក់ត្រូវធ្លាក់ដោយអស់ចិត្ត។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «និយាយរួមគោលការណ៍តែមួយគត់ឲ្យអ្នកជាប់ ជាប់ដោយសប្បាយចិត្ត និងមោទន អ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្ត។ ការងារទាំងអស់នេះត្រូវការចូលរួមទាំងអស់គ្នា ព្រោះធ្វើតែ៣ថ្ងៃ តែផលប្រយោជន៍សម្រាប់អនាគតរបស់យើង សម្រាប់អនាគតរបស់យើង លះបង់ទាំងអស់គ្នា។ ធ្វើដើម្បីអ្វី? ធ្វើដើម្បីទ័ពយើង ដើម្បីថ្ងៃក្រោយយើងមានអារម្មណ៍ថា នាយទាហានជំនាន់ហ្នឹងចេញមកល្អៗ ខ្ញុំក៏មានការចូលរួមបន្តិចដែរ ខ្ញុំក៏មានការចូលរួមធ្វើជាមេប្រយោគ អនុរក្ស ថ្ងៃក្រោយអ្នកទាំងអស់ហ្នឹងដឹកនាំទ័ព២០-៣០ឆ្នាំទៀត ក៏យើងមានភាពកក់ក្តៅ»។

សូមជម្រាបថា ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៩​ ដែលមានចំនួន​៦មណ្ឌល គឺនៅមណ្ឌលរាជធានីភ្នំពេញ យោធភូមិភាគ ទី១ ទី២ ទី៣ ទី៤ និងទី៥ ដោយផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានបង្ហាញតួរលេខថា ​ការជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ នេះមានការកើនឡើង បើប្រៀបធៀបទៅនិងឆ្នាំ២០១៨​កន្លងមក ហើយការកើនឡើងនេះ បានកើនឡើងនៅតាមបណ្តាយោធភូមិភាគ។ នេះដោយសារការមើលឃើញ នៃការជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទបណ្ដាឆ្នាំមុនៗកន្លងមក មានភាពសុក្រឹត យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព៕