(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា វិស័យសំណង់ និងអចលទ្រព្យ នៅតែដើរតួនាទី ជាសសរស្ដម្ភ ជួយជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដែលនៅឆ្នាំ២០១៨ ទុនវិនិយោគក្នុងវិស័យនេះ មាន៥៧៥៥លានដុល្លារ ។

ជាងនេះទៅទៀត ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានថ្លែងបន្ដថា នៅក្នុងវិស័យឧស្សាហកម្ម សំណង់មានកំណើនខ្ពស់ក្នុងរង្វង់ ១៨,១% នៅឆ្នាំ២០១៨។ សណ្ឋាគារមានចំនួន៨១៥ ស្មើ ៤៧,៧០០បន្ទប់ ផ្ទះសំណាក់មាន ២,២៨១ ស្មើ ៣៤,០៣៨បន្ទប់ និងភោជនីយដ្ឋាន ២,៣២១​។ ដោយឡែកសំណង់ បុរីលំនៅឋាន មានចំនួន២៤១ទីតាំង និងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួន ១,២១៧អគារ ។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី ក្នុងពិធីជប់លៀង ពិសាអាហារ អបអរសាទរមហាសន្និបាត លើទី២ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នាសណ្ឋាគារកាំបូឌីយ៉ាណា ។

ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានលើកឡើងថា ក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ មានចំនួន៩៤៨ ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន៤១ និងក្រុមហ៊ុនសាងសង់មានចំនួន ៩០៧ រូបវ័ន្ដបុគ្គលសិក្សាគម្រោងប្លង់មានចំនួន ១៤០នាក់ រួមមានស្ថាបត្យករ ៩៥រូប និងវិស្វករ ៤៥រូប។ ក្រុមហ៊ុន ទទួលបានអាជ្ញាប័ណ្ណ អភិវឌ្ឍន៍បុរី និងអគារស្នាក់នៅរួម មាន១៧៤ និងក្រុមហ៊ុន សេវាកម្ម និងវាយតម្លៃអចលនវត្ថុ មាន១៦៨ ។

ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា «ក្នុងរយៈពេល២ទស្សវត្សកន្លងមកនេះ ទុនវិនិយោគក្នុងវិស័យសំណង់អគារមានប្រមាណ ៤៣,៣៧០លានដុល្លារ ។ ការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ត្រូវបានចាប់ដំណើរការ ជាជំហានៗដោយមានការចូលរួមពីក្រុមហ៊ុនចំនួន៣រួមមាន ក្រុមហ៊ុន WorldBridge Land ក្រុមហ៊ុន B&BM និងក្រុមហ៊ុន ARAKAWA ដែលមានចំនួនសរុប ៨,០០២ខ្នងផ្ទះ និង២,៩៦០ Units ហើយមានក្រុមហ៊ុនមួយចំនួនទៀត កំពុងត្រៀមលក្ខណៈចូលរួមក្នុងសកម្មភាពនេះ» ។

ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់បន្ថែមថា «លទ្ធផលដែលជាទីមោទនៈនេះ ជាផ្លែផ្កានៃសន្ដិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនិរន្ដរភាពស្ថាប័នរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែង ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន ជាពិសេស ការជឿជាក់ របស់វិស័យឯកជន និងប្រជាពលរដ្ឋ លើមាគ៌ា ដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា» ។

ក្នុងសភាពនៃការរីកចម្រើនឆាប់រហ័សខាងវិស័យសំណង់ការពង្រឹងការគ្រប់គ្រង អាជីវកម្មសំណង់ កាន់តែមានភាពចាំបាច់ និងបន្ទាន់ជាពិសេសសំណង់ធំៗ និងខ្ពស់ ៗ ឲ្យអនុវត្ដបានត្រឹមត្រូវ តាមបទដ្ឋានគតិយុត្ដ បច្ចេកវិទ្យា និងស្ដង់ដារខ្ពស់ ដើម្បីធានានូវសុវត្ថិភាព គុណភាព សោភ័ណភាព និងការគាំពារបរិស្ថាន ពិសេសត្រូវសិក្សារៀបចំ ឲ្យមានអាងប្រព្រឹត្ដកម្មទឹកកង្វក់មុនបង្ហូរចូលប្រព័ន្ធលូសាធារណៈ ។

ព្រមជាមួយគ្នានោះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានស្នើដល់ម្ចាស់សំណង់អ្នកអភិវឌ្ឍអចលនវត្ថុ អ្នកប្រកបវិជ្ជាជីវៈសំណង់ ក្រុមហ៊ុនប្រកបអាជីវកម្ម សំណង់ សូមប្រកាន់ភ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពឲ្យបានខ្ជាប់ខ្ជូន នូវបទប្បញ្ញត្ដិពាក់ព័ន្ធនឹងវិស័យសំណង់ និងត្រូវបន្ថែមការសិក្សាស្រាវជ្រាវ ច្បាស់លាស់ ដើម្បីធានាបានទាំងសុវត្ថិភាព អនាម័យ បរិស្ថាន សោភ័ណភាព និងគុណភាពសំណង់ និងបន្ដចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ជាតិ ទៅតាម ចំណេះ ចំណង់ និងជំនាញរបស់ខ្លួន ៕