(ព្រៃវែង)៖ ​ប្រជាពលរដ្ឋស្រុកចំកាយមារ ប្រមាណ​៧០០​នាក់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បានជួបជុំគ្នានៅសាលាស្រុកកំចាយមារ ​ដើម្បី​ប្រារព្ធខួប​៤០​ឆ្នាំ នៃថ្ងៃកំណើតទី២ (៧ មករា) របស់ខ្លួនក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ​។

មិទ្ទិញ​នេះ​ត្រូវបានក្រោមវត្តមាន​របស់​លោក ស្តើង សុខុម ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំចាយមារ និងមានការចូលរួមពី​ថ្នាក់ដឹកនាំ ស្រុកកំជាយមារ ក្រុមការងារកណ្តាលជួយស្រុក គណៈកម្មាធិការរគណបក្សស្រុក និង​ក្រុមប្រឹក្សាឃុំគ្រប់ឃុំ យុវ​ជនគណបក្សស្រុក និវត្តន៍ជន នាយកសាលាគ្រប់កម្រិត ប្រជាពលរដ្ឋ និង​កងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

​លោក ស្តើង សុខុម បានអានសន្ទរកថារបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងមហាមិទ្ទិញរំលឹកខួប​៤០​ឆ្នាំ ទិវាជ័យជម្នះ​៧មករា ជូនដល់អង្គមិទ្ទិញ ដែលក្នុងនោះលោកបាន​ទាញយកចំណុចសំខាន់ៗមួយចំនួន ក្នុងសន្ទរកថា​ ដោយគូសរំលេចថា «៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជន​កម្ពុជា ហើយ៧មករា គឺជានិមិត្តរូប និងស្មារតីនៃការ សង្រ្គោះ រួបរួម និង​អភិវឌ្ឍន៍ជាតិ​»។

ក្នុងន័យនេះ លោក​បានធ្វើការពន្យល់ថា ជ័យជម្នះ៧​មករា បាន​សង្គ្រោះទាន់ពេលវេលានូវឤយុជីវិត​ប្រជាជន​កម្ពុជា​រាប់លាននាក់ ដែលនៅរង់ចាំតែសេចក្តីស្លាប់ បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និង​សម្ភារ​របស់ប្រជាជាតិខ្មែ​រ ដែលត្រូវបានកសាងពូនជ្រំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួន ហើយបានស្រកស្រុត ស្ទើររលាយសាបសូន្យបាត់អស់នៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត​។

ថ្ងៃ​៧ មករា ១៩៧៩ ប្រជាជាតិខ្មែរបានរស់ឡើងវិញ បានបិទទំព័រដ៏ខ្មៅងងឹតបំផុត នៃប្រវត្តិសាស្ត្រកម្ពុ​ជា ហើយ​បើក​ឡើងនូវសករាជថ្មី គឺសករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាពសង្គម ជូនដល់ប្រជាជាតិដ៏កំសត់នៃយើង និង​បានផ្តល់ជូនប្រជាជនកម្ពុជា នូវ​សិទ្ធិសេរីភាពគ្រប់យ៉ាង ក្នុងការធ្វើជាម្ចាស់ លើជោគ​វាសនារបស់ខ្លួនពិតប្រាកដ។ លើសពីនេះទៀតជ័យជម្នះ​៧ មករា១៩៧៩ ក៏បានរួមវិភាគទានដ៏​សកម្មដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ​។

​ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ៧មករា១៩៧៩ គឺជាថ្ងៃកំណើត​ទីពីរ​របស់ខ្លួន បើគ្មានជ័យជម្នះ​៧​មករា ក៏​យើង​គ្មានអ្វីៗនៅថ្ងៃនេះដែរ ដែលនេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ​គ្មានជនណា ឬ​​កម្លាំង​ណា​ឤចមកបំភ្លៃឬបំផ្លាញបានឡើយ។

នៅក្នុងសុន្ទរកថា ដ៏មានអត្ថន័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចអំពីស្មារតី​៧​មករា ដែលស្ថិតនៅជានិច្ចក្នុងដួងចិត្តរបស់ប្រជា​ពលរដ្ឋកម្ពុជា។ ស្មារតី ៧​មករា គឺជាកម្លាំងយ៉ាងធំធេងដែលធ្វើឲ្យយើងយកឈ្នះ បានលើគ្រប់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាងក្នុងការ​កសាង និងការការពារមាតុភូមិ​។ ស្មារតី ៧​មករា គឺសាមគ្គីភាព វីរភាព និង​ជ័យជម្នះ​។ បច្ចុប្បន្នកម្ពុជា កំពុងឈរយ៉ាងរឹងមាំក្នុងភាពជាម្ចាស់ លើប្រទេសជាតិ និងជោគវាសនារបស់ខ្លួន ហើយក៏កំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយភាពជឿជាក់។​

ប្រជាពលរដ្ឋស្រុកកំចាយមារ បានកំណត់ក្នុងចិត្តច្បាស់ថា ៧​មករា គឺជាថ្ងៃកំណើតទី២​របស់ខ្លួន​, ៧​មករា ពិតជាបាននាំមកនូវការបង្រួបបង្រួម​ជាតិ ៧​មករា ពិតជាបាននាំមកនូវការអភិវឌ្ឍជាតិ​។ ប្រជាពលរដ្ឋកំចាយមារ ពិតជាបានផ្តល់នូវសច្ចធ៌មសម្រាប់ថ្ងៃ​៧​មករា ហើយចងចាំទុកជារៀងរហូត ដូច្នេះទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានកត់ត្រាទុកជារៀងរហូត នៅក្នុងការចងចាំ​របស់​ប្រជាជន​​គ្រប់​ៗ​រូប គ្រប់ៗជំនាន់ដែលស្រឡាញ់ សន្តិភាព សេរីភាព និងយុត្តិធម៌។

នៅក្នុងពិធីនេះ លោក ស្តើង សុខុម ក៏បានឆ្លៀតជម្រាបជូនអង្គមិទ្ទិញ អំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាលើ​កទី៤៥ បើកទូលាយជូនដល់សមាជិក សមាជិកា នៃអង្គមិទ្ទិញថា សន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា កាលពីចុងខែធ្នូកន្លង​ទៅ​ បានអញ្ជើញតំណាងសំខាន់ៗ គ្រប់សមាសភាពពីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិចូលរួម​។

សន្និបាតនេះ ដូចជា​សិក្ខាសាលាដ៏ធំមួយដែលបាន ប្រើពេលវេលារហូត៣ថ្ងៃ ក្រៅពីការពិនិត្យលើសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈម។ សន្និបាតបានបើកវេទិកា ពិភាក្សាដេញដោយគ្នា និងប្រ​មូលយកធាតុចូលទាំងអស់របស់សមាជិក​ដាក់ចេញនូវគោលដៅថ្មី សម្រាប់ដើរទៅមុខ ក្នុងបុព្វហេតុជាតិ និង​ប្រជាជន​។ គណបក្សក្នុងតួនាទី​របស់ខ្លួនដែលជាស្នូល នៃការដឹកនាំជាតិនាពេលបច្ចុប្បន្ន ចាំបាច់ត្រូវលើកទិសដៅ ដូចម្ដេចខ្លះការលើកទិសដៅការងារ​ ដែលត្រូវធ្វើបន្ទាប់ គឺត្រូវបានធ្វើការសម្រេចដោយអង្គសន្និបាត ដែលនេះគឺជារបៀបធ្វើការរបស់គណាបក្សប្រជាជនកម្ពុជា គឺប្រជាធិបតេយ្យផ្ទៃក្នុងទូលំទូលាយ​។

លោក ស្តើង សុខុម បានកត់សំគាល់ជាទូទៅថា គណបក្សបានយកចិត្តទុកដាក់ ដល់ការពង្រឹងការគ្រប់គ្រងរបស់គណបក្សឲ្យកាន់តែមានប្រសិទ្ធ ភាពថែមទៀត មានការបោះឆ្នោតបញ្ចូល និង​ប្រគល់តួនាទីភារកិច្ចជូនដល់ថ្នាក់ដឹកនាំគណបក្សមួយចំនួន កែសម្រួលដើម្បីពង្រឹង និងបំពេញ​បន្ថែមការគ្រប់គ្រង ឲ្យកាន់តែមានប្រសិទ្ធភាព។
លោក ស្តើង សុខុម បានបន្តថា គណបក្សប្រជាជនកម្ពុជា សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ ប្រជាធិបតេយ្យប្រមូលផ្តុំភា​គតិចគោរពភាគ​ច្រើន។ លោកបានធ្វើការពន្យល់ថា សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ មិនអាចមានអ្នកណាមួយទៅដឹកនាំម្នាក់ឯងនោះទេរាល់បញ្ហា ត្រូវយកមកពិគ្រោះពិភាក្សាគ្នា ប៉ុន្តែនៅពេលដែលយើងត្រូវរ៉ូវគ្នារួចហើយ មានសេចក្តីសម្រេចមានទិសដៅជាក់លាក់បុគ្គលម្នាក់ៗ ត្រូវរៀបចំឲ្យមានការទទួលខុសត្រូវ។ បើទាំងអស់គ្នា ប្រើគោលការណ៍ «​សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» នឹងគ្មានការបែកបាក់នោះទេចំណុចនេះ មានសារសំខាន់ណាស់ ហេតុដូចនេះហើយបានជា គណបក្សប្រជាជនកម្ពុជាឈរយ៉ាងរឹងមាំ និង​បន្តឈររាប់រយឆ្នាំទៅមុខទៀត ប្រកបដោយ​សក្តនុពល៕