(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន​ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផលនានា ក្នុងវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ស្ថិតនៅក្នុងភូមិថ្លាវ​ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង។

ពិធីនេះក៏មាន​ការចូលរួមពីប្រធាន-អនុប្រធាន​ និងសមាជិកក្រុមការងារចុះជួយឃុំទាំង១១​ ក្នុងស្រុកស្វាយអន្ទរ លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង, ស្នងការរងនគរបាលខេត្តព្រៃវែង តំណាងមន្ទីរធម្មការខេត្តព្រៃវែង លោក​ ប៉ិច​ សុង​អភិបាលស្រុកស្វាយអន្ទរ​ មេឃុំ មេភូមិ ទាំងអស់របស់ឃុំអង្គរទ្រេត-ឃុំស្វាយអន្ទរ កងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ​​ ប្រមាណ១១២៣នាក់។

នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិយើងមានសុខ សន្តិភាពពេញលេញ ប្រជាពលរដ្ឋមានសិទ្ធសេរីភាពគ្រប់គ្រាន់ ជីវភាពធូរធា សម្បូរសប្បាយ ជាពិសេសមានការរីក ចម្រើនលើគ្រប់វិស័យ ជាក់ស្តែងដូចជា សមិទ្ធិផលដែលយើងកំពុងសម្ពោធ ដាក់ប្រើប្រាស់ នៅទីនេះតែម្តង។

នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានបញ្ជាក់ទៀតថា «ទន្ទឹមនឹងមានសុខសន្តិភាពហើយនោះ យើងទាំងអស់គ្នា ក៏ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ដែលខំរកបានដោយលំបាកនេះឲ្យបាន កុំជឿតាមការធ្វើប្រជាភិថុតរបស់ជនមួយចំនួន ដែលបំផុសឲ្យមានអំពើហិង្សា បាតុកម្ម ដែលអាចបង្កចលាចលដល់សង្គមជាតិ»។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនប្រសិទ្ធភាពការងារ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ។

ប្រជាពលរដ្ឋត្រូវអប់រំកូនចៅកុំឲ្យពាក់ព័ន្ធជាមួយគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នបង្ការគ្រោះអគ្គិភ័យឆាបឆេះ ជាពិសេសត្រូវខិតខំបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីអោយជីវភាពកាន់តែប្រសើរឡើងថែមទៀត។

សូមជម្រាបថា សមិទ្ធិផលនានា ស្ថិតក្នុងវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅពេលនេះ បានចំណាយថវិកាសាងសង់អស់១៣២,៣៤០ដុល្លារ ហើយក្នុងឱកាសពិធីសម្ពោធនេះដែរ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បានឧបត្តម្ភថវិកាជាង២០លានរៀល សម្រាប់កសាងវត្ត និងសម្រាប់ចំណាយផ្សេងៗផងដែរ៕