(ភ្នំពេញ)៖ បច្ចុប្បន្ន ស្ករត្នោតដ៏ឈ្ងុយឆ្ងាញ់សុទ្ធ១០០ភាគរយរបស់ខេត្តកំពង់ធំ ត្រូវបានយកមកផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញ ទាំងក្នុងផ្សារទំនើប និងទីផ្សារលក់រាយផងដែរ។ ថ្ងៃនេះក្រុមហ៊ុន Signatures of Asia ដែលជាអ្នកផ្គត់ផ្គង់ស្ករត្នោតនាំមុខគេទាំងក្នុង និងក្រៅប្រទេសបានចុះហត្ថលេខា ទទួលទិញស្ករត្នោតចំនួន៥៣តោន ពីសហគមន៍ឈូកសាមគ្គីមានជ័យ ដែលមានទីតាំងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ចូលទីផ្សាររបស់ខ្លួន ដែលកំពុងមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីលោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក-ឃុំ និងអង្គការស្ថាប័នផ្សេងទៀត ក្នុងក្របខ័ណ្ឌផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនាំផលប្រយោជន៍ ដល់កសិករដែលជាអ្នកផលិតស្ករត្នោតលក់បានតម្លៃខ្ពស់សមរម្យ និងធានាបានដល់ អ្នកប្រើប្រាស់ ស្ករត្នោតសុទ្ធពិតប្រាកដមិនក្លែងក្លាយ។

គួររំលឹកផងដែរថា កន្លងមកអាជ្ញាធរមានសមត្ថកិច្ចបានបង្រ្កាបទីតាំងផលិតស្ករត្នោតក្លែងក្លាយជាច្រើន ដែលបានយកមកផ្គត់ផ្គង់ជាពិសេស នៅរាជធានីភ្នំពេញ ដែលជាផលិតផល នាំឱ្យខូចសុខភាពដល់អ្នកប្រើប្រាស់។

លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Signatures of Asia បានថ្លែងថា កន្លងមកក្រុមហ៊ុនលោកធ្លាប់តែនាំចេញស្ករត្នោត ដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអឺរ៉ុប តែដោយមើលឃើញថា អ្នកបរិភោគក្នុងស្រុក កំពុងជួបប្រទះបញ្ហាស្ករត្នោតក្លែងក្លាយ ទើបក្រុមហ៊ុនលោកមកពង្រីកផលិតកម្មស្ករត្នោតនៅខេត្តកំពង់ធំនេះ ដែលធានាបាននូវស្តង់ដារ ផលិតផលដូចគ្នានឹងផលិតផលនាំចេញដែរ ដើម្បីចូលរួមលើកកំពស់ជីវភាពកសិករនៅទីនេះផង និងធ្វើការផ្គត់ផ្គង់ស្ករត្នោតគុណភាពសុទ្ទល្អដ៏ឈ្ងុយឆ្ងាញ់នេះ ទៅកាន់អ្នកប្រើប្រាស់ ក្នុងស្រុកផង។ ដោយមានការជួយសម្របសម្រួលពីគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយនិរន្តភាពនៅកម្ពុជា នៃអង្គការទស្សនៈពិភពលោកកម្ពុជា ដែលបានទទួលជំនួយពីរដ្ឋាភិបាលអូស្ត្រាលី (Australian Aid)។

គម្រោងមានគោលដៅបង្កើនប្រាក់ចំណូល ដល់សមាជិកសហគមន៍កសិកម្ម ដើម្បីឆ្លើយតបជាមួយសុខុមាលភាពកុមារនៅក្នុងខេត្តកំពង់ធំ កណ្តាល និងខេត្តព្រះវិហារ ដោយមានគោលបំណង សំខាន់បីគឺទី១៖ ពង្រីក និងពង្រីងសហកមន៍កសិកម្មឱ្យមានអភិបាលកិច្ចល្អ, ទី២៖ ពង្រឹងសម្ថភាពសហគមន៍កសិកម្មលើការគ្រប់គ្រងអាជីវកម្ម និង ដំណើរការអាជីវកម្ម និងទី៣៖ បង្កើននូវចំណូល និង ផលិតភាពផលិតកម្ម របស់សមាជិកសហគមន៍កសិកម្ម។

គម្រោងបានធ្វើការជាដៃគូជាមួយ មន្ត្រីកសិកម្មខេត្តកំពង់ធំ និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីបណ្តុះបណ្តាល បច្ចេកទេសកសិកម្ម ការសម្របសម្រួលអាជីវកម្ម ព្រមទាំងធ្វើការផ្សាភ្ជាប់ទំនាក់ទំនង រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនឯកជន សំដៅលើកកំពស់ផលិតផល របស់សហគមន៍ទៅទីផ្សារជាតិ និងអន្តរជាតិ។ ជាក់ស្តែង នាពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ គម្រោងបានផ្សាភ្ជាប់ផលិតកម្ម ទៅទីផ្សារសហគមន៍ឈូកសាមគ្គីមានជ័យ ឱ្យមានឧិកាសបានចាប់ដៃគូជាអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Signatures of Asia។

គួរកត់សំគាល់ដែរថា ក្រុមហ៊ុន Signatures of Asia ដោយមានការសហការជាមួយគំរោងប្រឆាំងភាពក្រីក្រ IAP-SNV គឺជាក្រុមហ៊ុនដ៏ធំដែលបាន និងកំពុងចុះកុងត្រាទទួលទិញស្ករត្នោត ពីសហគមន៍ នៅខេត្តកំពង់ស្ពឺក្នុងមួយរដូវរាប់រយតោនរយៈពេល៤ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ ទៅប្រទេសក្រៅ។ គំរោងដែលបានទទួលជំនួយថវិការពីរដ្ឋាភិបាលស៊ុយអែតតាមរយៈអង្គការ SIDA មានការពង្រឹងបច្ចេកទេសផលិតកម្ម គំរូអាជីវកម្មទំនើប ដោយគិតពីសង្គម បរិស្ថាន និងបង្កើនប្រាក់ចំណូលជនក្រីក្រ ការយល់ដឹងអំពីយ៉េនឌ័រ និងអភិវឌ្ឃន៍ឱ្យមាននិរន្តរភាព។

គួរកត់សំគាល់ផងដែរ រយៈពេលចុងក្រោយនេះគេសង្កេតឃើញថា ស្ករត្នោត ត្រូវបានគេនិយមប្រើប្រាស់នៅទ្វីបអឺរ៉ុប ដោយសារពេលបរិភោគ វាមានកំរិតជាតិស្ករក្នុងឈាមទាប ដែលអាចប្រើប្រាស់បានទាំងអ្នកមានជំងឺទឹកនោមផ្អែម និងអ្នកដែលមានកំរិត ជាតិស្ករខ្ពស់ក្នុងឈាម មិនតែប៉ុណ្ណោះវាក៏មានសារធាតុរ៉ែ និងវីតាមីនជាច្រើនប្រភេទផងដែរ មិនដូចស្ករសដែលគេកំពុងប្រើប្រាស់សព្វថ្ងៃនោះទេ៕