(ភ្នំពេញ)៖ មិនមែនជារឿងធម្មតានោះឡើយ ដែលកូនខ្មែរអាចបង្កើតក្បាច់គិតលេខរហ័ស លំដាប់ពិភពលោក ដែលអាចគណនាលេខ លឿនជាងការគណនាលេខធម្មតា ដល់ទៅ៤ដងឯណោះ។ ប៉ាម៉ា (PAMA Program) គឺជាកម្មវិធីពិសេសមួយ សម្រាប់អភិវឌ្ឍន៍ខួរក្បាលកុមារ​ ដោយប្រើឧបករណ៍ក្បាច់គិតលេខ ដែលជួយឲ្យកុមារឆ្លាត ពូកែអង្កេត ពូកែផ្ចង់អារម្មណ៍ ពូកែគណិតវិទ្យា ពូកែចងចាំ និងគិតលេខបានរហ័សដោយមាត់ទទេ។

ស្ថាបនិក និងជាប្រធានប្រតិបត្តកម្មវិធីប៉ាម៉ា លោក ផុន សុភា បានឲ្យដឹងថា ប៉ាម៉ា ត្រូវបានរកឃើញ ដោយក្រុមរបស់លោក ដែលជាកូនខ្មែរសុទ្ធសាធ។ កម្មវិធីពិសេសនេះ​ ត្រូវបានទទួលការចុះបញ្ជី ការពារស្នាដៃ តាមរយៈលិខិតលេខ១៣ ល.ប.ជ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ផុន សុភា បានបន្ថែមថា កម្មវិធីប៉ាម៉ា នឹងផ្តួចផ្តើមឲ្យកុមារពូកែគណនាលេខ ពូកែគណិតវិទ្យា និងឈានទៅពូកែមុខវិជ្ជាផ្សេងៗទៀត ក្លាយជាកុមារ និងយុវជនរឹងមាំ មានការទទួលខុសត្រូវខ្ពស់។ កុមារដែលរៀនកម្មវិធីប៉ាម៉ា មិនត្រឹមតែពូកែទេ តែថែមទាំងបណ្តុះភាព ជាអ្នកដឹកនាំសម្រាប់កុមារ ដើម្បីមានសមត្ថភាពប្រកួតប្រជែង លើឆាកអន្តរជាតិផងដែរ។ សម្រាប់វ័យដែលអាចចុះឈ្មោះចូលរៀនបាន គឺចាប់ពីអាយុ៤ឆ្នាំ ដល់១៤ឆ្នាំ​​​។

បើតាមប្រធានប្រតិបត្តិ ផុន សុភា គោលបំណងនៃការបង្កើត កម្មវិធីប៉ាម៉ានេះឡើង ដើម្បីចូលរួមចំណែកពន្លឿន លើការលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជាបន្ថែមទៀត ស្របតាមកម្មវិធីសិក្សា របស់សហគមន៍ជាតិ និងអន្តរជាតិ។

លោកស្រី ណែត រតនា គ្រូសម្របសម្រួលភាសាខ្មែរ និងភាសាអង់គ្លេស នៃសាលាវឌ្ឍនវិជ្ជា ក្រុងកំពត បានឲ្យដឹងថា សាលាលោកស្រីបានទទួលសិទ្ធិ ដាក់ឲ្យដំណើរការកម្មវិធីប៉ាម៉ា ដើម្បីបង្ហាត់សិស្ស ជាង៣ខែមកហើយ។ លោកស្រីថា ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ កុមាររបស់សាលាវឌ្ឍនវិជ្ជា បានវិវត្តន៍ពីការគិតលេខយឺត ទៅជាការគិតលេខលឿនជាងមុនពិតមែន។

លោកស្រី ណែត រតនា​ បានបន្តតទៀតថា ទោះបីកម្មវិធីប៉ាម៉ា ទើបត្រូវបានដាក់ឲ្យដំណើរ ក្នុងសាលារបស់លលោកស្រីក្តី តែកម្មវិធីនេះ បានធ្វើឲ្យមាតាបិតាសិស្ស គាំទ្រនិងសរសើរកម្មវិធីជាខ្លាំង ពោលពួកគាត់ បានបញ្ជូនកូនមកចុះឈ្មោះ កើនឡើងជារៀងរាល់ថ្ងៃ។

ដូចគ្នាដែរ លោក ប្រាក់ ស៉ីថា នាយកសាលាអប់រំភាសាអង់គ្លេសអាមេរិកាំង ស្រុកព្រៃកប្បាស បានឲ្យដឹងដែរថា សាលារបស់លោក ទើបតែដាក់ឲ្យដំណើរការកម្មវិធីប៉ាម៉ា ត្រឹមរយៈពេលខ្លីដែរ ប៉ុន្តែកុមារក្នុងសាលារបស់លោក​ មានសមត្ថភាពគិតលេខ បានលឿនឆាប់រហ័សលើសពីការស្មាន។

លោក ប្រាក់ ស៉ីថា បានបន្តថា មូលហេតុដែលលោកសម្រេច សុំសិទ្ធិយកកម្មវិធីប៉ាម៉ា មកដាក់បង្រៀនក្នុងសាលានេះ ដោយសារលោកចង់ឃើញ កុមារក្នុងភូមិស្រុករបស់លោក មានសម្មភាពគិតលេខរហ័ស ដូចអ្នកនៅទីក្រុងដែរ។

ស្ថាបនិកកម្មវិធីប៉ាម៉ា បានបន្ថែមទៀតថា ក្រុមការងាររបស់លោក ក៏បានព្យាយាមប្រឹងប្រែង ធ្វើយ៉ាងណាផ្តល់ឱកាសឲ្យកុមារទាំងនៅក្រុង និងជនបទ អាចឲ្យកុមារមកពីគ្រប់ស្ថានភាពគ្រួសារ រៀនសូត្របានផងដែរ។

សម្រាប់មាតាបិតាសិស្ស បានសម្តែងការពេញចិត្តជាខ្លាំង នៅពេលដែលគាត់ ឃើញកូនៗរបស់គាត់ អាចគិតលេខបានយ៉ាងឆាប់រហ័ស មិនតែប៉ុណ្ណោះកូនៗរបស់ពួកគាត់ បានផ្លាស់ប្តូរទម្លាប់ពីការលេងច្រើន ទៅធ្វើកិច្ចការសាលា យ៉ាងទៀងទាត់បំផុត។ ពួកគាត់លើកឡើងស្រដៀងគ្នាថា ឃើញកូនឆ្លាតយ៉ាងនេះ ក្នុងនាមឪពុកម្តាយ មានតែជំរុញនិងលើកទឹកចិត្តកូនបន្ថែមទៀត ឲ្យកាន់តែរៀនពូកែ៕