(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត (Wing) ដែលជាអ្នកផ្តល់សេវាធនាគារចល័ត នាំមុខគេនៅកម្ពុជា បានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្នុងការដាក់ឲ្យដំណើរការ នូវសេវាសេវាដាក់ប្រាក់ និងផ្ទេរប្រាក់រវាងគណនី និងគណនីផ្ទេរប្រាក់ពីគណនីទៅគណនី និងសេវាដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតបន្ថែមទៀត ដល់អតិថិជន នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំង២។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់វីង ឬរបស់អម្រឹត នឹងអាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង ឬផ្ទុយមកវិញពីគណនីវីងទៅគណនីអម្រឹត ដោយមុខងារទាំងអស់នេះ អាចប្រើប្រាស់បានតាមរយៈកម្មវិធី Wing Money ស្មាតហ្វូនវីង ឬ USSD *989# ។ លើសពីនេះទៀត អតិថិជនរបស់អម្រឹត អាចដាក់ប្រាក់ទៅក្នុងគណនីអម្រឹតរបស់ពួកគេ ដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងណាមួយ ដែលមានជាងជាង៦ពាន់ន្លែង នៅទូទាំងប្រទេស។

ការដាក់ឲ្យដំណើរការ នៃសេវាទាំងពីរនេះ នឹងជំនួសឲ្យទម្លាប់ជាទូទៅនៃការផ្ទេរប្រាក់ដាក់ប្រាក់ របស់អតិថិជនអម្រឹតរាប់ពាន់នាក់ ដែលជាទូទៅពួកគាត់ ត្រូវធ្វើដំណើរទៅកាន់សាខាណាមួយរបស់អម្រឹត ដើម្បីធ្វើការដាក់ ប្រាក់ប្រតិបត្តិការនេះ។ ផ្ទុយទៅវិញ តាមរយៈសេវាថ្មីនេះ ពួកគាត់អាចចូលទៅក្នុងកម្មវិធី Wing Money ឬ USSD *989# ដើម្បីធ្វើការផ្ទេរប្រាក់ ឬទៅភ្នាក់ងារវីងណាមួយ ដើម្បីធ្វើការដាក់ប្រាក់ ទៅក្នុងគណនីអម្រឹត ដែលទង្វើភាពងាយស្រួលនេះ នឹងអាចជួយបង្កើនផលប័ត្រហិរញ្ញវត្ថុរបស់ពួកគាត់ ក្នុងការប្រើប្រាស់នាពេលអនាគត ឬការបង់ប្រាក់សងត្រលប់ នៃប្រាក់កម្ចីប្រចាំខែរបស់ពួកគាត់។

ខណៈពេលចូលរួម នៅក្នុងពិធីដាក់ឲ្យដំណើរការ នៅឯការិយាល័យកណ្តាលរបស់អម្រឹត លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានថ្លែងថា ភាពជាដៃគូរវាងវីង និង អម្រឹត ត្រូវបានធ្វើឡើងក្នុងការ ប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការរួមដាក់បញ្ចូលវិស័យហិរញ្ញវត្ថុ ឲ្យបានទៅដល់ អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលជាលទ្ធផល គឺជាការនិងចូលរួមចំណែក ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

លោក ចូចូ ម៉ាឡូឡូស បន្តទៀតថា «ជាមួយនឹងការចាប់ផ្តើមនេះ យើងបានឈានដល់ដំណាក់កាលមួយផ្សេងទៀត នៅក្នុងបេសកកម្មរបស់យើង ដើម្បីផ្ដល់សេវាផ្ទេរប្រាក់ចម្រុះ និងតម្រូវការដាក់ប្រាក់ បញ្ញើរបស់អតិថិជន របស់យើង។ មិនថាជា ការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុប្រចាំថ្ងៃ, ការបង្វិលប្រាក់ សម្រាប់ការសម្រេចចិត្តធ្វើការវិនិយោគ ក្នុងរយៈពេលវែង ឬការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ភ្លាមៗ គឺវាស្ថិតនៅក្នុងដៃរបស់អតិថិជន វីង និង អម្រឹត តាមរយៈសេវាកម្មផ្ទេរប្រាក់ពីគណនីទៅគណនី និងការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ រួមជាមួយនឹងការផ្ដល់ជូន នូវលទ្ធភាពជាច្រើនផ្សេងទៀត»

លោក ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានថ្លែងថា គោលបំណងធំបំផុត នៃការចាប់ផ្តើមដំណើការ របស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរនេះ គឺដើម្បីបំពេញតម្រូវការ សេវាហិរញ្ញវត្ថុរបស់អតិថិជន និងធានាថា ពួកគាត់មានឧបករណ៍ ដើម្បីសម្របសម្រួល ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ដែលពួកគាត់ត្រូវធ្វើ។

លោកបន្តទៀតថា «ឈ្មោះរបស់យើង (អម្រឹត) មានន័យថា ចម្រើនរុងរឿង។ យើង (អម្រឹត) ផ្តល់ជូននូវសេវាហិរញ្ញវត្ថុ និងដំណោះស្រាយ ដោយផ្ដោតទៅលើចំណាប់អារម្មណ៍របស់អតិថិជន សម្រាប់សេវាហិរញ្ញវត្ថុក្នុង រយៈពេលវែង។ ភាពខ្លាំងនៃអាជីវកម្មរបស់យើង (អម្រឹត) គឺជាលទ្ធផលដោយផ្ទាល់ពីជំនឿចិត្ត និងទំនុកចិត្ត របស់អតិថិជន ដែលមានចំពោះយើង (អម្រឹត) ហើយក៏ដូចជាជំនឿចិត្ត និងទំនុកចិត្តដែលយើង (អម្រឹត) មាន ចំពោះដៃគូរបស់យើង (អម្រឹត) មានដូចជា វីង ជាដើម»

ភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ឈានទៅដល់អតិថិជនគោលដៅរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានវត្តមានភ្នាក់ងារវីងនៅទីនោះ ជាការបន្ថែមទៅលើសេវាកម្មបង់ត្រលប់ នៃប្រាក់កម្ចី ដែលស្ថាប័នទាំងពីរ បានផ្ដល់ជូនកាលពី២ឆ្នាំមុន។

បន្ថែមពីលើភាពងាយស្រួល នៃការផ្ទេរប្រាក់រវាងគណនី និងគណនី អតិថិជនរបស់អម្រឹត ក៏អាចរីករាយជាមួយនឹងសេវាកម្មហិរញ្ញវត្ថុចល័តថ្មី ដែលផ្តល់ជូននៅក្នុងកម្មវិធី Wing Money ស្មាតហ្វូនវីង ដែលរួមបញ្ចូលរួមមាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ, ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ, ការទូទាត់វិក្កក័យប័ត្រ, ទូទាត់តាមអ៊ិនធឺណែត និង QR កូដ និងប្រតិបត្តិការជាច្រើនទៀត។

ដើម្បីអបអរសាទរ ចំពោះភាពជាដៃគូនេះ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ អតិថិជនដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់ រវាងគណនីវីងនិងអម្រឹត និងផ្ទុយមកវិញ ពីគណនីអម្រឹតទៅគណនីវីង នឹងមិនត្រូវ បានគិតថ្លៃសេវានោះទេ។ ការមិនគិតកម្រៃនេះ ផ្ដល់ជូនចំពោះតែអតិថិជន ដែលធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Wing Money ឬUSSD *989# តែប៉ុណ្ណោះ៕