(ភ្នំពេញ)៖ អនុប្រធានទី១ រដ្ឋសភាកម្ពុជា លោកបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា ក្នុងអាណត្តិទី៦នេះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។

ថ្លែងប្រាប់លោកស្រី ហ្គូតូ ហ៊ីតូមី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាយជិ ប្រទេសជប៉ុន ក្នុងជំនួបនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ អនុប្រធានទី១ រដ្ឋសភាកម្ពុជា លោកបណ្ឌិត ងួន ញ៉ិល លើកឡើងថា ក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ ដោយក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្ត សម្រេចឲ្យបាននូវមុំទី១ ស្តីពីការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយផ្តល់ អាទិភាពលើ៖ ១៖ ការយកចិត្តទុកដាក់លើគ្រូបង្រៀន, ២៖ ការពង្រឹងវិសាលភាពសាលារៀនគ្រប់កម្រិត, ៣៖ ការពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រងសាលារៀន, ៤៖ ការជំរុញការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ, ៥៖ ការអប់រំបំនិនជីវិតឲ្យស្របតាមទីផ្សារការងារ ៦៖ ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និងទី៧៖ ការត្រៀម ប្រកួតកីឡាស៊ីហ្គែមឆ្នាំ២០២៣។

ពាក់ព័ន្ធទៅនឹងវិស័យអប់រំនេះ លោកស្រី ហ្គូតូ ហ៊ីតូមី បានជម្រាបជូន អនុប្រធានទី១រដ្ឋសភាកម្ពុជាថា សាកលវិទ្យាល័យរបស់លោកស្រី បាននិងកំពុងចូលរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា ដោយក្នុងនោះសាកលវិទ្យាល័យបានធ្វើសកម្មភាពវិនិច្ឆ័យទៅលើការលូតលាស់ខាងផ្នែករាងកាយរបស់កុមារកម្ពុជា ហើយជាលទ្ធផលរកឃើញថា កុមារនៅទីក្រុង ឬនៅទីជនបទមានការលូតលាស់ខាងផ្នែករាងកាយប្រសើរជាងកុមារនៅទីជនបទ ដែលបញ្ហានេះ ក៏ដោយសារតែកុមារដែលរស់នៅតាមទីក្រុង ឬតាមទីប្រជុំជន ទទួលបានអាហារូបត្ថម្ភ ខ្ពស់ជាងកុមារដែលរស់នៅតាមជនបទ តែចំពោះកុមារដែលមានអាហារទទួលទានច្រើនពេក ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។

លោកស្រីថា សុខភាពខាងផ្នែកផ្លូវកាយ និងសុខភាពខាងផ្នែកផ្លូវចិត្ត គឺមានការជាប់ពាក់ព័ន្ធដោយមិនអាចកាត់ផ្តាច់បានពីការសិក្សារបស់កុមារ។ មានន័យថា ប្រសិនបើកុមារខ្វះអាហារូបត្ថម្ភហើយនោះ សុខភាពរាងកាយរបស់ពួកគេក៏មិនល្អ ហើយសុខភាពនៃប្រាជ្ញាស្មារតីរបស់ពួកគេក៏មិនល្អដែរ ដែលជាហេតុជះឥទ្ធិពល មិនល្អដល់ការសិក្សារបស់ពួកគេ។

ឆ្លើយតបទៅនឹងបញ្ហាអាហារូបត្ថម្ភនេះ លោកបណ្ឌិត ងួន ញ៉ិល បានជម្រាបជូន លោកស្រី ហ្គូតូ ហ៉ីតូមី ថា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំគោល នយោបាយស្តីពីចំណីអាហារ និងអាហារូបត្ថម្ភ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏កន្លងមកក្រសួងបានយកចិត្តទុកដាក់លើអាហារូបត្ថម្ភ និងសុខភាពសិស្សានុសិស្សនៅតាមសាលារៀន ចំណេះទូទៅ និងឯកជន ដោយបានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ឲ្យយកចិត្តទុក ដាក់ខ្ពស់លើបញ្ហាបរិស្ថាន អនាម័យ និងអាហារូបត្ថម្ភ។

ក្នុងឱកាសនៃជំនួបនេះ អនុប្រធានទី១រដ្ឋសភា ក៏បានបញ្ជាក់អំពីបំណងក្នុងការបញ្ជូន មន្ត្រីអប់រំ ឲ្យទៅទទួលការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យអាយជិ ប្រទេសជប៉ុន តាមការលើកឡើងរបស់លោកស្រី សាកលវិទ្យាធិការ គឺលោកស្រី ហ្គូតូ ហ៊ីតូមី ផងដែរ៕