(ព្រះវិហារ)៖ ផ្ទះមួយខ្នងរួម និងសម្ភារជាច្រើនទៀត ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតទាំងស្រុង បើគិតជាថវិកាប្រមាណ៣ម៉ឺនដុល្លារ កាលពីវេលាម៉ោង០៣៖៤២នាទី ទៀបភ្លឺថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅខាងលិចផ្សារជាំក្សាន្ត ក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះបណ្តាលឲ្យខាតទាំងស្រុងនេះ មានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ សង់អំពីឈើប្រក់សង្ក័សី។ ជាមួយគ្នានោះ ក៏បណ្តាលឲ្យឆេះសម្ភារក្នុងផ្ទះរួមមាន៖ គ្រែបេង២ តុបេង៣ ហង្សតេ២ តុទឹកតែ១ ទូរទស្សន៍១ ទូរសព្ទ័២គ្រឿង ទូដាក់ខោអាវ១ ក្តាពិដាន២គូប លុយកាក់ និងសម្ភារមួយចំនួនទៀត សរុបប្រមាណ៣ម៉ឺនដុល្លារ។

លោកអធិការស្រុកជាំក្សាន្ត បានឲ្យដឹងទៀតថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ជា ប៊ុនធឿន អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ទាក់ទងនិងមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យឆាបឆេះផ្ទះនេះ សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីម្ចាស់រោងទឹកកកដុតសំរាមជិតរបងផ្ទះ បណ្តាលឲ្យឆេះរបងរួចឆ្លងមកឆេះផ្ទះតែម្តង។ នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកអស់២ឡានផងដែរ៕