(ភ្នំពេញ)៖ រថយន្តយីឌុបដឹកដំឡូងមី១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-6151 ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងត្បូងបឹងទន្លេសាប បង្ក្រាបជាក់ស្តែង ដោយសារលួចលាក់ផ្ទុកឈើប្រណីតខុសច្បាប់ នៅក្នុងរថយន្តប្រមាណជាង៣០ម៉ែត្រគូប។

ប្រតបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៧៖១០នាទីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ក្បែររោងផលិតមី ម៉ែន សារុន នៃមូលដ្ឋានខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់ឲ្យដឹងថា ការបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់នេះ បន្ទាប់ពីទទួលបានព័ត៌មានសំងាត់ ពីប្រជាពលរដ្ឋអំពីរថយន្តយីឌុបដឹកដំឡូងមី លួចបង្កប់ឈើប្រណីតនេះ ទើបកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងត្បូងបឹងទន្លេសាប សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បង្ក្រាបជាក់ស្តែង។

លោកថា ឈើដែលរឹបអូបបាន គឺជាឈើប្រណីតប្រភេទ លេខ១ និងលេខ២ រួមមាន៤ប្រភេទ គឺឈើទាល ថ្លុងត្បែង ផ្តៀក និងផ្ចិក ប្រមាណជាង៣០ម៉ែត្រគូប។ ឈើប្រណីតខុសច្បាប់ទាំងអស់នេះ ត្រូវបានឈ្មួញលួចដឹកចេញពីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បំណងដឹកយកទៅដាក់ ឲ្យដេប៉ូមួយកន្លែង ក្នុងខេត្តតាកែវ ប៉ុន្តែត្រូវបរាជ័យ ដោយសារកម្លាំងសមត្ថកិច្ចព្រៃឈើបង្ក្រាបបាន។

នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់បន្តឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ មិនបានឃាត់មនុស្សនោះទេ ពីព្រោះថា ក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ មុនពេលកម្លាំងចុះទៅដល់ ដូច្នេះឃាត់បានតែរថយន្ត និងឈើប្រណីតទាំងអស់ប៉ុណ្ណោះ។

ទាំងរថយន្ត និងវត្ថុតាងឈើប្រណីតទាំងអស់ បច្ចុប្បន្នសមត្ថកិច្ចព្រៃឈើ កំពុងរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃព្រែកព្នៅ ដែលទីតាំងនៅតាមបណ្តោយជាតិលេខ៥ ភូមឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីរង់ចាំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ព្រៃឈើ៕