(បន្ទាយមានជ័យ​)៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ​ និងលោកស្រី ម៉ៅ ម៉ាល័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ប្រមាណ៥០០០នាក់ បានរៀបចំពិធីអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជំនះ (៧ មករា ១៩៧៩-៧ មករា ២០១៩)

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សរួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ​សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

ថ្លែងនៅក្នុងឱកាសនោះ​ដែរ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា​បានបន្តបេសកកម្មបម្រើប្រជាជនឆ្ពោះទៅវិបុលភាព​ វិបុលសុខ​គ្រប់ប្រការ​ តាមរយ:ការប្តេជ្ញាប្រឹងប្រែងសម្រេចឲ្យបាននូវការធានាធំៗទាំង៤យ៉ាង ជូនប្រជាជនគឺ៖

*ទី១៖ ការធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទី ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ដោយមិនឲ្យកម្លាំងណាមករំលោភបំពាននិងបំផ្លាញបានឡើយ។
*ទី២៖ ការធានាបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងគ្រប់វិស័យដោយផ្តោតលើការធ្វើកំណែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងបង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាពរឹងមាំ ធននឹងវិបត្តិនិងទ្រទ្រង់កំណើនប្រកបដោយចិរភាព បរិយាប័ន្ន និងសមធម៌ផ្តោតអាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស និងការបង្កើនភាពទាក់ទាញនិងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។
*ទី៣៖ ការធានាជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ប្រកបដោយគុណភាព​ ព្រមជាមួយនឹងឱកាសទទួល បានការងារធ្វើការជួយកសិករ ក្នុងការពង្រឹងផលិតកម្មនិងរកទីផ្សាលក់កសិផល ការបន្តដំឡើងប្រាក់ឈ្នួល​ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ព្រមទាំងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករ និយោជិត ការបង្កើនប្រាក់បៀវត្យនិងប្រាក់សោធននិវត្តជូនមន្រ្តីសាធារណ:គ្រប់ប្រភេទ ព្រមទាំងនិវត្តជននិងអតីតយុទ្ធជន ការពង្រឹកបណ្តាញផ្គត់ផ្គង់និងការបញ្ចុះថ្លៃអគ្គិសនី និងទឹកស្អាត។ ល។
*ទី៤៖ ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងក្នុងបច្ចប្បន្ន ក៏ដូចជា អនាគត តាមរយ:ការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចិរភាពសម្រាប់ប្រជាជនគ្រប់រួប ពិសេសសម្រាប់អ្នកក្រីក្រនិងក្រុមជនងាយរងគ្រោះដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបញ្ជាក់ថា «យើងទាំងអស់គ្នាជាយុវជនបន្តវេន ប្តេជ្ញាថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យគង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារដាច់ខាតនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹកឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗក្នុងការបន្តរស់នៅប្រកបដោយភាពសុខដុមរមនា»៕

ជយោ! ស្មារតី៧មករាស្ថិតស្ថេរជាអមត!