(តាកែវ)៖ បន្ទាប់ពីមើលឃើញពីភាពខ្វះខាតសម្ភារសិក្សា របស់សិស្សានុសិស្សដែលសិក្សានៅក្នុង សាលាបឋមសិក្សាស្រម៉រ ខេត្តតាកែវ មូលនិធិ នរោត្តម បុប្ផាទេវី និងក្រុមហ៊ុន លីលី ឆ្នោតផ្សងសំណាង បាននាំមូលនិធិទៅចែកជូនដល់សិស្សានុសិស្ស។

ការឧបត្ថម្ភសម្ភារសិក្សាដល់សិស្សនេះ គឺ ជាការរួមចំណែកមួយក្នុងការជួយដល់ពួកគាត់ ដែលកំពុងប្រឈមការខ្វះខាត ទៅលើសម្ភារសិក្សា។

លោកស្រី អេកូលី អគ្គនាយករងមូលនិធិ នរោត្តម បុប្ផាទេវី ឲ្យដឹងក្នុងពិធីចែកសម្ភារសិក្សា និងថវិកា​ដល់សិស្សានុសិស្សចំនួន៤៤០នាក់ និងលោកគ្រូ-អ្នកគ្រូចំនួន២៦នាក់ ដែលសិ្ថតនៅក្នុងសាលាបឋមសិក្សាស្រម៉រ ក្នុងភូមិខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ថា
គោលគំនិត​ដំបូងរបស់មូលនិធិ គឺជួយគាំទ្រ និងលើកស្ទួយរបាំបុរាណ ដោយសារវាមានសារៈសំខាន់ ចំពោះអត្តសញ្ញាណជាតិ។

លោកស្រីបន្ដថា បន្ទាប់​ពី​មាន​ការសហការឧបត្ថម្ភថវិកា ពី​ក្រុមហ៊ុន​ឆ្នោត​សប្បុរសធម៌ លីលី ដែល​ទើប​ចាប់ផ្ដើម​ដំណើរការលក់លើ​ទីផ្សារកម្ពុជា ​និងមើលឃើញថា កុមារកម្ពុជាត្រូវការចំណេះដឹងបន្ថែមនោះ មូលនិធិបានពង្រីកការគាំទ្រដល់ការអប់រំ និងការថែទាំសុខមាលភាពដល់កុមារ ដោយបានចែកនូវសម្ភារសិក្សា ជាច្រើនដល់សិស្សានុសិស្ស​។

លោកស្រីបញ្ជាក់ថា ស្ថាបនិកមូលនិធិចង់ឃើញកុមារកម្ពុជាទាំងអស់ មានអនាគតល្អ និងប្រកបដោយចំណេះដឹង និងក្លាយជាធនធានដ៏ល្អមួយក្នុងសង្គមជាតិ។ ដោយឡែកសម្រាប់ ការគាំទ្ររបស់មូលនិធិ ​នឹងជួយឲ្យពួកគេផ្តោតលើការសិក្សាពេញលេញ និងបោះជំហានទៅរកអនាគតត្រចេះត្រចង់ ព្រមទាំងជួយបង្កើនធនធាន ដល់ល្អក្នុងសង្គមជាតិ។

ក្នុងនោះអគ្គនាយករងមូលនិធិ នរោត្តម បុប្ផាទេវី បានថ្លែងអំណរគុណដល់ដៃគូរគាំទ្រដល់ សកម្មភាពមូលនិធិសម្រាប់ ជាជំនួយរបស់ក្រុមហ៊ុនឆ្នោតសប្បុរសធម៌ លីលី សម្រាប់ការគាំទ្រចាប់តាំងពីថ្ងៃដំបូង រហូតដល់បច្ចុប្បន្ន៕