(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ព្រមានដកហូតវិញ្ញបនបត្រកញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ ពីក្រុមហ៊ុន ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងឡាយណា ដែលមិនគោរពតាមគោលការណ៍ ដែលក្រសួងបានចេញ។

លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អគ្គនាយកបច្ចេកទេសុខាភិបាល បានលើកឡើងថា «បន្ទាប់ពីទទួលបានវិញ្ញាបនបត្របញ្ជាក់ គោលការណ៍អនុវត្តអនាម័យល្អហើយ គ្រប់ភោជនីយដ្ឋាន, ក្រុមហ៊ុន និងអាហារដ្ឋានទាំងអស់ត្រូវតែបន្ដយកចិត្តទុកដាក់ លើផ្នែកអនាម័យបន្ថែមទៀត មិនអាចសំអាងលើការទទួលវិញ្ញាបនបត្រហើយ បែរជាមិនបន្ដអនុវត្តគោលការអនាម័យនោះទេ ប្រសិនបើមិនដូច្នេះមែន ក្រសួងសុខាភិបាលនឹងដកហូត វិញ្ញាបនបត្របញ្ជាក់ គោលការណ៍អនុវត្តអនាម័យល្អមកវិញជាមិនខាន»

លោកស្រីបញ្ជាក់យ៉ាងដូច្នេះ ក្នុងកម្មវិធីការប្រគល់ ជូនវិញ្ញាបនបត្របញ្ជាក់ គោលការណ៍អនុវត្តអនាម័យល្អ ស្តង់ដាចំណាត់ថ្នាក់ A ជូនដល់ថ្នាក់ក្រុមហ៊ុន, ភោគជនីយដ្ឋាន និងអាហារដ្ឋាននានានៅកម្ពុជាប្រមាណជាង៧៦ និងរៀបចំឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

លោកស្រីបន្ថែមថា កន្លងមកមិនទាន់មានភោជនីយដ្ឋាន ឬអាហារដ្ឋាន និងក្រុមហ៊ុនណាមួយនៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាលដកហូតវិញ្ញាបនបត្រ បញ្ជាក់គោលការណ៍អនុវត្តអនាម័យនៅឡើយទេព្រោះ គ្រប់ភោជនីយដ្ឋាន ឬអាហារដ្ឋាន និងក្រុមហ៊ុនដែលទទួលបានវិញ្ញបនបត្រ តែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ របស់ក្រសួងសុខាភិបាល។

សូមជម្រាបថា ក្នុងថ្ងៃប្រគល់វិញ្ញាបនបត្របញ្ជាក់ គោលការណ៍អនុវត្តអនាម័យល្អ ដល់ក្រុមហ៊ុនទាំង៧៦នោះ មានក្រុមហ៊ុន Yinkok Food Corp ជាក្រុមហ៊ុនមួយដែលទទួលបានវិញ្ញាបត្របញ្ជាក់ គោលការណ៍អនុវត្តអនាម័យល្អ ស្តង់ដាចំណាត់ថ្នាក់ A ដែលជាចំណាត់ថ្នាក់ខ្ពស់ផងដែរ។

លោកស្រីវេជ្ជបណ្ឌិតបន្ដថា «រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានធ្វើការត្រួតពិនិត្យអនាម័យតាមភោជនីយដ្ឋាន, អាហារដ្ឋាន និងក្រុមហ៊ុនផ្សេងៗដែលមានទីតាំងត្រឹមត្រូវ បានប្រមាណ៤៨% ហើយនៅទូទាំងប្រទេសកម្ពុជា»។

ជាក់ស្ដែងក្នុងនោះក្រុមហ៊ុនជាបុត្រសម្ព័នរបស់ Yinkok Food Corp សុទ្ធសឹងតែទទួលបានជោគជ័យ ក្នុងការប្រកួតនេះដោយទទួលបានវិញ្ញាបនបត្របញ្ជាក់ គោលការណ៍អនុវត្តអនាម័យល្អចំណាត់ថ្នាក់ A ដែ​លជាចំណាត់ថ្នាក់ល្អបំផុត ក្នុងចំណោមចំណាត់ថ្នាក់ជាច្រើនផ្សេងទៀតថា ជាហាងមានផាសុខភាព ការផលិតនិងកន្លែងចំអិនមានអនាម័យល្អ ការទុកដាក់មានសណ្ដាប់ធ្នាប់របៀបរៀបរយ និងការរក្សារទុកគុណភាពអាហារបានត្រឹមត្រូវ បំពេញត្រូវទៅតាមស្ដង់ដា និងលក្ខណ្ឌដែលបានកំណត់ពីក្រសួង។

លោក លាង សុវណ្ណរិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន Yinkok Food Corp ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន៧៦ ដែលត្រូវបានទទួលវិញ្ញាបនបត្របញ្ជាក់ គោលការណ៍អនុវត្តអនាម័យល្អ ព្រមទាំងទទួលបានចំណាត់ថ្នាក់ A ឲ្យដឹងថា «ថ្ងៃនេះក្រុមហ៊ុនបានទទួលវិញ្ញបនបត្របញ្ជាក់ គោលការណ៍អនុវត្តអនាម័យល្អ និងទទួលបានចំណាត់ថ្នាក់ A »

លោកបន្ថែមថា «ការទទួលជោគជ័យនេះសំរេចទៅបាន ដោយសារកាខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនដោយផ្ដល់ការយកចិត្តទុកដាក់ខ្លាំង ចំពោះការផលិតចំណីអាហារ និងទីតាំងចំអិនត្រូវតែស្អាត និងមានអនាម័យជានិច្ច​​ ដើម្បីធានានូវការផលិតចំណីអាហារមានរសជាតិឆ្ងាញ់ និងមានសុវត្ថភាពខ្ពស់។ មិនតែប៉ុណ្ណោះបរិស្ថាន រួមជាមួយបរិយាកាសក្នុងហាង ព្រមទាំងសេវាកម្មល្អក៏ជាចំណុច ដែលផ្ដោតសំខាន់ផងដែរ»

លោកបន្ដថា ក្រុមហ៊ុនបានចំណាយពេលប្រមាណ៣ខែ ដើម្បីរៀបចំការចុះត្រួតពិនិត្យផ្ទាល់ ជាមួយក្រសួងសុខាភិបាល ហើយគោលការណ៍អនាម័យនេះ មិនអនុវត្តពេលក្រសួងចុះទៅត្រួតពិនិត្យនោះទេ ប៉ុន្ដែជាគោលការណ៍ក្រុមហ៊ុនបានអនុវត្តន៍ លើផ្នែកអនាម័យនេះជារៀងរហូតមក ហើយក៏នឹងបន្ដអនុវត្តន៍ជាបន្ដបន្ទាប់ និងចម្បងផងដែរ។

លោកបន្ថែមថា «បន្ទាប់ពីទទួលបានវិញ្ញបនបត្រ ពីក្រសួងសុខាភិបាល ក្រុមហ៊ុននឹងមានគោលការណ៍ជាបន្ដបន្ទាប់ តាមប្រ៊េននីមួយៗដូចជា៖ ចុះអនុវត្តន៍ត្រួតពិនិត្យស្ដង់ដារប្រចាំខែ ដែលអាចនឹងចុះ១ខែម្ដង ឬពីរដងទៅតាមការងារដែលត្រូវបានបែងចែក និងតាមក្រុមហ៊ុនប្រ៊េននីមួយៗផងដែរ»

សូមជម្រាបថា ក្រុមហ៊ុន Yinkok Food Corp មានបុត្រសម្ព័នក្រុមហ៊ុនជាច្រើនដូចជា៖ Tours Les Jours, Domino’s Pizza, Lotteria burger, The Asian kitchen និង T&C៕