(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ក្មេងៗចំនួន១៤២នាក់ រស់នៅចំណុចភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពុលចំណីអាហារ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩​ ហើយត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជួយអន្ដរាគមន៍ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុក។

របាយការណ៍របស់បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់បានបញ្ជូនកាន់មន្ទីរពេទ្យ ហើយទទួលបានការសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនោះ រហូតមកដល់ព្រឹកនេះ ​ក្មេងៗត្រូវបានអនុញ្ញាត ឲ្យ​ត្រឡប់ទៅលំនៅដ្ឋានវិញចំនួន៩០នាក់ ដោយអាការៈធូរស្រាល នៅសល់៥២នាក់ ក្នុងនោះស្រី២៩នាក់ កំពុងសម្រាកព្យាបាលបន្ត។

របាយការណ៍ដដែលបន្ថែមថា ក្មេងដែលពុលអាចបណ្ដាលមកពីពុលជ្រក់នៅក្នុងបាយ ​ដែលជនជាតិកូរ៉េមួយក្រុម ចុះចែកកាលពីរសៀល ដោយ​ក្នុងម្នាក់ទទួលបានបាយ០១កញ្ចប់ ទឹកសុទ្ធ០១ដប នៅពេលញាំរួចដល់ម៉ោងកើតហេតុខាងលើទើបមានអាការពុលតែម្ដង។

មេបញ្ជាការ​កងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ទោ សេង ធារិន ​បានបញ្ជាក់បន្ថែមមកកាន់អង្គភាព Fresh News នៅព្រឹកនេះថា ជនជាតិកូរ៉េមួយក្រុមនេះ តែងតែចុះធ្វើសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋាន ដូចជាជីកអណ្ដូងទឹក​ និងចែកបាយជាដើម ​ស្រាប់តែលើកនេះ ក៏មានអាការៈពុលតែម្ដង ដែលគេសង្ស័យថា​អាចបណ្ដាលមកពីជ្រកនៅក្នុងបាយនោះ ខណៈដែលរាល់ដងមិនដែលមានហេតុការណ៍នេះកើតឡើងនោះទេ។

បើតាមលោកឧត្តមសេនីយ៍ មេបញ្ជាការ នៅពេលកើតហេតុភ្លាមៗ លោកបានបញ្ជាកម្លាំងរបស់លោក សហការ​ជាមួយកម្លាំង អធិការស្រុកព្រះនេត្រព្រះ និងក្រុមគ្រូពេទ្យ ជួយសង្គ្រោះ​ករណីនេះផងដែរ។ លោកថា ​អភិបាលស្រុក និងមន្ត្រីជាច្រើនទៀត ​បានចូលរួមយ៉ាងដុតដៃដុតជើង​លើកករណីមួយនេះ៕​​