(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាង លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូជប៉ុនមកពីអង្គការ JICA ដឹកនាំដោយលោក TANAKA,Kotaro តំណាងជាន់ខ្ពស់របស់អង្គការ JICA និងតំណាងមកពីក្រុមហ៊ុន Chugoku Electric Power co,Ltd ដឹកនាំដោយលោក Junya Shinohara នាយករង និងលោក Norihiro Watakabe ជំនួយការនាយក នៅរសៀលថ្ងៃទី១០ ​ខែមករា​ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។ 

ដៃគូសន្ទនា បានផ្តោតការយកចិត្តទុកដាក់ទៅលើគម្រោងរៀបចំបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិការស្ទង់អគ្គិសនី ដែលជាគម្រាងរៀបចំរួមគ្នា រវាងមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ -អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ក្នុងគោលដៅបង្កើត “មជ្ឈមណ្ឌលផ្ទៀងផ្ទាត់នាឡិការស្ទង់អគ្គិសនី" មួយ សម្រាប់ទទួលការវាស់ស្ទង់ឲ្យមានភាពសុក្រឹតបើមានអតិថិជន រឺប្រជាពលរដ្ឋតវ៉ានូវភាពមិនប្រក្រតីណាមួយ។

​តំណាងភាគីជប៉ុនក៏បានជម្រាបផងដែរ ពីលទ្ធផលសកម្មភាពការងារកន្លងមក ដូចជាបានចុះរៀបចំសិក្ខាសាលា​ចំនួន២៨​ដង នៅទីតាំង១៩​ខេត្ត ដោយធ្វើការផ្ទៀងផ្ទាត់នាឡិការស្ទង់បានចំនួន​៦៦៣ នាឡិការស្ទង់។ គួរបញ្ជាក់ថា តាមការប៉ាន់ស្មាន​ចំនួនកុងទ័រអគ្គិសនី​ដែលត្រូវដាក់តម្លើងភ្ជាប់ជូនអតិតិជនមានចំនួនប្រមាណ​ ៤០០.០០០ គ្រឿងជារៀងរាល់ឆ្នាំ។ រហូតមកដល់ឆ្នាំ២០១៦ មានកុងទ័រដែលបានដាក់ឲ្យដំណើរការប្រើប្រាស់មានចំនួន ​២.១៧០.៦៨២ កុងទ័រអគ្គិសនី​។ ដើម្បីទ្រទ្រង់ការងារនេះឲ្យដំណើរការបាន តំណាងដៃគូជប៉ុនបានបង្ហាញពីតម្រូវវការមួយចំនួនចំពោះមុខ មានដូចជា៖

-មានតម្រូវការម៉ាសីុនត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិការស្ទង់អគ្គិសនីចំនួនពី១៣ ទៅ១៧ គ្រឿង និងចំនួនមនុស្សក៏ដូចគ្នាដែរ​
-ចំនួននាឡិការស្ទង់អគ្គិសនីដែលត្រូវត្រួតពិនិត្យគឺចាប់ពី ៣០០ ទៅ ៤០០ គ្រឿង​ក្នុងមួយថ្ងៃសម្រាប់បុគ្គលិកម្នាក់
​-សមត្ថភាពឧបករណ៍ត្រួតពិនិត្យផ្ទៀងផ្ទាត់ គឺអាចត្រួតពិនិត្យ០១ដង បាន៤០ កុងទ័រ ហើយបុគ្គលិកម្នាក់អាចទទួលខុសត្រូវលើឧបករណ៌ត្រួតពិនិត្យ​ ០១ គ្រឿង។

​លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយលើការងារនេះ តាមរយៈអង្គការ JICA ក្នុងការអនុវត្តគម្រាងក្រោមក្របខ័ណ្ឌជាទម្រង់ BOT សំដៅធ្វើយ៉ាងណាធ្វើឲ្យកុងទ័រអគ្គិសនី​មានភាពសុក្រឹត្យសម្រាប់អតិថិជនទូទៅ ។ លោកកិត្តិសេដ្ឋាបណ្ឌិត បានស្នើមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ពិភាក្សាលំអិតបន្ថែមទៀតអំពីទិដ្ឋភាពបច្ចេកទេសដូចជា ថា​តើយើងត្រូវត្រួតពិនិត្យកុងទ័រ ទាំងអស់ពីអ្នកនាំចូលមុនដាក់ឲ្យដំណើរការប្រើប្រាស់រឺយ៉ាងណា? តើការអនុវត្តយន្តការត្រួតពិនិត្យដូចម្តេច ពេលមានការតវ៉ាពីអតិថិជន និងប្រជាពលរដ្ឋ? ព្រមទាំងបញ្ជាក់ពីតម្រូវការមន្ត្រីជំនាញ និងការបណ្តុះបណ្តាលមន្ត្រី ទាំងថ្នាក់កណ្តាល និងតាមបណ្តាខេត្ត​ រាជធានី ដើម្បីអាចអនុវត្តការងារនេះបានដោយរលូន ជាពិសេសពេលដែលគម្រោងនេះ ត្រូវផ្ទេរឲ្យភាគីកម្ពុជាជាអ្នកគ្រប់គ្រងទាំងស្រុងវិញ​ ក្នុងពេលកំណត់ណាមួយ៕