(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសសូមឱ្យអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធ ជាមួយព័ត៌មានក្លែងក្លាយ ព្រោះនៅកម្ពុជាព័ត៌មានក្លែងក្លាយកំពុងកើតមានច្រើន ហើយដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតចេញមក។

ការជំរុញបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាល្ងាចថ្ងៃទី១១ ខែមករា ឆ្នា២០១៩នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីជួបសំណេះសំណាលអ្នកសារព័ត៌មានប្រមាណជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ។ សម្តេចតេជោ ក៏បន្តអំពាវនាវដល់អ្នកព័ត៌មានឱ្យផ្សាយត្រឹមហេតុការណ៍ កុំព្យាយាមធ្វើជាចៅក្រមកាត់សេចក្តី ហើយអ្នកព័ត៌មានមិនមែន ជានគរបាលយុត្តិធម៌ ទៅដាក់ប៉ារ៉ាស់ចាប់រថយន្តនោះឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះ៖ «សុំអ្នកសារព័ត៌មានទាំងអស់ និងស្ថាប័នព័ត៌មានទាំងអស់ចូលរួមចំណែក ប្រយុទ្ធជាមួយនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងក្លាយនោះវាច្រើនណាស់នៅស្រុកខ្មែរនេះអរ [...] ទាក់ទងនឹងខ្លួនខ្ញុំមិនថាប៉ុន្មានទេស្រាប់ តែបើកទៅឃើញលោក ហ៊ុន សែន ទើបនឹងស្លាប់មុនហ្នឹងបន្តិច​សូមចូលរួមមរណៈទុក្ខផងវាទៅជាអញ្ចឹងទៅ»

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកនៅក្នុងការបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ តើអ្នកសារព័ត៌មានត្រឹមត្រូវរបស់យើងតើគួរត្រូវធ្វើអី? គឺផ្សាយព័ត៌មានពិតចេញមក ដូច្នេះព័ត៌មានក្លែងក្លាយនឹងបាត់ដោយខ្លួនឯងផងដែរ។ ជាមួយគ្នានេះដែរសម្តេចក៏មានប្រសាសន៍ជំរុញឱ្យអ្នកសារព័ត៌មានកម្ពុជាទាំងអស់ត្រូវមានវិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ មិននិយាយបំភ្លីស ញុះញង់ បង្កជម្លោះ ចំណុចនេះជាចំណុចដែលអ្នកសារព័ត៌មានត្រូវតែគិត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា វិធីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលមានប្រសិទ្ធភាពបំផុត គឺនាំគ្នាផ្សាយព័ត៌មានជូនសាធារណជនទាំងឡាយឱ្យបានដឹង ដូច្នេះព័ត៌មានក្លែងក្លាយដែរជាមេរោគបំពុលសង្គមកម្ពុជាកន្លងមក នឹងបាត់ដោយឯកឯងជាក់ជាមិនខាន។ អ្នកព័ត៌មានទាំងអស់ គឺមានមធ្យោបាយនៅក្នុងដៃទាំងអស់​ប៉ុន្តែយើងមិនទាន់ចេះប្រើមធ្យោបាយ ដែលអ្នកព័ត៌មានទាំងអស់មានបញ្ចេញមក ដើម្បីវ៉ៃបកចំពោះព័ត៌មានក្លែងក្លាយនោះនៅឡើយទេ៕