(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខអ្នកសារមានជាតិជិត៥ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យអ្នកព័ត៌មានចូលរួមផ្សាយព័ត៌មានរិះគន់ ដើម្បីស្ថាបនាទាំងកម្រិតបញ្ហានយោបាយ ទាំងស្ថាប័ន និងបុគ្គល។

ការមានប្រសាសន៍បែបនេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានផ្តល់កិត្តិយសដ៏ខ្ពងខ្ពស់ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មាន នៅទូទាំងប្រទេសជិត ៥ពាន់នាក់ នៅសាលសន្និបាតកោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចង់បានឱ្យសារព័ត៌មានជួយរិះគន់ ស្ថាបនាទាំងកម្រិតគោលនយោបាយ ពិសេសគឺការអនុវត្តន៍របស់ស្ថាប័ន និងរបស់បុគ្គល»

ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ចង់បញ្ជាក់ថា នៅក្នុងឋានៈជាអ្នកសារព័ត៌មាន យើងមិនអាចគ្រាន់តែធ្វើ និងចេះតែនិយាយទាំងដុលនោះទេ អ្នកសារព័ត៌មានក៏ត្រូវយល់ បើកឱកាសដើម្បីឱ្យអ្នកសារព័ត៌មានរបស់យើង អាចមានចំណែកចូលរួម យោលបល់រហូតទៅដល់កម្រិតគោលនយោបាយ ហើយតាមដានត្រួតពិនិត្យមើលទៅលើការអនុវត្តន៍ ក្របខណ្ឌគោលនយោបាយនោះផងដែរ។

នាយករដ្ឋមន្ត្រីដែលនាំនូវសេរីភាពគ្រប់បែបយ៉ាងជូនកម្ពុជារូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា ចំណុចនេះរិះគន់របស់អ្នកសារព័ត៌មាន ទាំងអស់វាអាចចូលរួមកែលម្អនូវស្ថានភាពទាំងឡាយដែលជាតម្រូវការរបស់ប្រជាជនយើងទាំងមូលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយយ៉ាងដូច្នេះដោយសារខ្ញុំមានបទពិសោធន៍ក្នុងការគ្រប់គ្រងនៅសល់តែ តែ៣ថ្ងៃទៀតប៉ុណ្ណោះ ៣៤ឆ្នាំ នៃការកាន់ដំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជាហើយ ដែលនៅក្នុងតំបន់របស់យើងនេះពុំមានប្រទេសណាមួយ ដែលនាយករដ្ឋមន្ត្រីកាន់តំណែងរហូតដល់៣៤ឆ្នាំនោះទេ»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រឿងរ៉ាវខ្លះដែលកើតឡើងតាមមូលដ្ឋានមិនបានដឹងដល់ថ្នាក់ដឹកនាំនោះទេ។ ក្នុងន័យនេះយើងចង់ស្នើឱ្យព័ត៌មានធ្វើជាស្ពានចម្លង តែចៀសវាងព័ត៌មានពាក់ព័ន្ធសន្តិសុខជាតិ៕