(ភ្នំ​ពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កងទ័ពកម្ពុជា-ចិន មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយឈរលើគោលនយោបាយតែមួយ ធ្វើឲ្យកងទ័ពប្រទេសយើងទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក បានទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗដូចជា អំពើភេរវកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន។

ជាមួយគ្នានោះ កងទ័ពទាំងពី របានធ្វើលំហាត់ហ្វឹកហ្វឺននាគមាសជារៀងរាល់ឆ្នាំស្តីអំពីប្រឆាំងភាវរកម្មនិងសង្គ្រោះគ្រោះមហន្តរាយ។ នៅខែមីនា ឆ្នាំ២០១៩ខាងមុខនេះ យើងបានបង្កើនលំហាត់នេះដល់ថ្នាក់សមយុទ្ធទ្រង់ទ្រាយធំជាងមុនដើម្បីបង្កើនសមត្ថភាព និងកិច្ចសហប្រតិបត្តិការកាន់តែខ្ពស់ថែមមួយកំរិតទៀត។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅក្នុងជំនួបជាមួយគណៈប្រតិភូកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោក ឧត្តមនាវីទោ ស៊ូ ហាយហ័រ នាយរងសេនាធិការកងនាវាតំបន់សមុទ្រខាងជើង និងជាមេបញ្ជាការកងនាវាលេខ៥៣៩ នៃកងទ័ពជើងទឹករំដោះប្រជាជនចិន នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅអគ្គបញ្ជាការដ្ឋាន។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍យ៉ាងរីករាយកក់ក្តៅ ចំពោះគណប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិន ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-ចិនអោយកាន់តែរឹងមាំបន្ថែមទៀត។

បន្ថែមពីលើនេះ ឧត្តមនាវីទោ ស៊ូ ហាយហ័រ បានសម្តែងនូវអំណរគុណចំពោះអគ្គមេបញ្ជាការ ដែលបានផ្តល់ឱកាសឲ្យ ប្រតិភូរបស់លោកបានចូល ជួបសម្តែងការគួរសម។ ឧត្តមនាវីទោ ស៊ូ ហាយហ័រ បានបញ្ជាក់ថា នាវាចម្បាំងដែលចូលសំចត នៅខេត្តព្រះសីហនុ មានចំនួនបីគ្រឿង១-PLANS WUHU ប្រភេទ FFG-539 ២- PLANS HANDAN ប្រភេទ FFG-579 ៣-PLANS DONG PING LAKE។
គួរបញ្ជាថា ក្នុងដំណើរទស្សនៈកិច្ចរយៈពេល៤ថ្ងៃនេះ កងទ័ពជើងទឹកយើងទាំងពីរបានធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាមួយ ស្តីអំពីបញ្ជូនសារលើផ្ទៃសមុទ្រផងដែរ៕