(ភ្នំពេញ)៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានប្រាប់គណៈប្រតិភូគណៈកម្មការទី៩នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ស្តីពីការធ្វើវិសោធនកម្ម ច្បាប់អាកាសចរស៉ីវិល ដើម្បីឱ្យស្របតាមតម្រូវការ នៃអង្គការអាកាសចរស៉ីវិលអន្តរជាតិ និងឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណ។

ការបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់ បានធ្វើឡើងក្នុងឱកាស ដែលគណៈកម្មការទី៩នៃរដ្ឋសភា ជួបសំណេះសំណាល ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ដើម្បីស្វែងយល់ពីការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា លើការងារវិស័យអាកាសចរស៉ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ទិសដៅខាងមុខ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នឹងបន្តពង្រឹងបន្ថែមទៀត លើការអនុវត្តមុខងារ បេសកកម្មរបស់ខ្លួន។ ជាពិសេសលើការងារសន្តិសុខអាកាសចរស៉ីវិល ព្រមទាំងការធ្វើវិសោធនកម្ម ច្បាប់អាកាសចរស៉ីវិល និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីឱ្យស្របតាមតម្រូវការ នៃអង្គការអាកាសចរស៉ីវិលអន្តរជាតិ និងឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

លោកថ្លែងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ វិស័យអាកាសចរស៉ីវិល មានការរីកចម្រើន ដោយបានប្រែខ្លួនពីស្ថានភាពមួយ ដែលមានការខ្វះខាតផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មកជាស្ថាប័នមួយដែលមានការអភិវឌ្ឍ និងការកែលម្អជាបន្តបន្ទាប់ ទាំងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ រហូតឆ្លើយតបបានទៅនឹងកំណើន នៃចរាចរដឹកជញ្ជូនតាមផ្លូវអាកាស ប្រកបដោយសន្តិសុខសុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។

បើតាមលោករដ្ឋមន្ត្រី ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរប្រមាណ ១០លាននាក់ នៅឆ្នាំ២០១៨ និងជំរុញកំណើនភ្ញៀវទេសចរបន្ថែមទៀត នៅចំពោះមុខ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នឹងបន្តពង្រីកនិងពង្រឹងកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសសំខាន់ៗ និងខិតខំអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិទាំងបី គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប និងអាកាសយានដ្ឋានកងកេង ក្នុងខេត្តព្រះសីហនុ។

លោកស្រី និន សាផុន បានថ្លែងដែរថា លោកស្រីបានកត់សម្គាល់នូវវឌ្ឍនភាពជាច្រើន នៅក្នុងវិស័យអាកាសចរស៉ីវិល និងបានថ្លែងនូវការកោតសរសើរ ដល់ការដឹកនាំរបស់លោករដ្ឋមន្ត្រី និងសហការី ដែលបានយកអស់ពីស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច នាពេលកន្លងមក ទោះបីយ៉ាងណាត្រូវខិតខំបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញការសម្រេចឱ្យបានគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រីក៏បានស្វាគមន៍ និងគាំទ្រចំពោះគម្រោង នៃសំណើសុំធ្វើវិសោធនកម្មច្បាប់ទំាងឡាយណា ដែលធ្វើឲ្យមានការអភិវឌ្ឍ លើវិស័យអាកាសចរនៅកម្ពុជា ហើយគណៈកម្មការទី៩នៃរដ្ឋសភា ត្រៀមខ្លួនជានិច្ចដើម្បីសហការ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ក្នុងដំណើរការស្នើសុំ ការអនុម័តច្បាប់ និងបង្កើនប្រសិទ្ធភាពខ្ពស់ នៃការអនុវត្តច្បាប់ ក្នុងការងារអាកាសចរស៉ីវិល ឱ្យឆ្លើយតបនឹងការវិវត្ត នៃបរិការណ៍សង្គមបច្ចុប្បន្ន៕