(ភ្នំពេញ)៖ ប្រជាពលរដ្ឋ៤១០គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យល់ព្រមទទួលយកការចែកដី ទំហំ២ហិកតាក្នុង១គ្រួសារ ដែលត្រូវចាត់ចែង តាមនីតិវិធីសម្បទានដីសង្គមកិច្ច ព្រមទាំងសន្យាឈប់ឡើងមកតវ៉ា នៅរាជធានីភ្នំពេញបន្តទៀត។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន​ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអង្គភាពព័ត៌មាន​ Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែមករានេះ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីព្រឹក នៅវត្តសាមគ្គីរង្សី ក្រុមកាងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរខេត្តក្រចេះ និងសាលារាជធានីភ្នំពេញ បានជួបជាមួយតំណាងប្រជាពលរដ្ឋ ចំនួន៤១០នាក់ ដែលមកតវ៉ាករណីវិវាទ ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនទៅក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

តំណាងប្រជាពលរដ្ឋបានយល់ព្រម ត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីសហការជាមួយក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ក្នុងការពិនិត្យទីតាំងដី ដែលអាជ្ញាធរខេត្ត បានកំណត់សម្រាប់បែងចែក តាមនីតិវិធីសម្បទានដីសង្គមកិច្ចនៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ និងយល់ព្រមទទួលយក ការចែកដីសម្បទានសង្គមកិច្ច ទំហំ២ហិកតា ក្នុង១គ្រួសារ ដែលត្រូវចាត់ចែង តាមនីតិវិធីសម្បទានដីសង្គមកិច្ច។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់យ៉ាងដូច្នេះថា «តំណាងប្រជាពលរដ្ឋបានសន្យាថា វាល់ការដោះស្រាយវិវាទខាងលើនេះ ត្រូវអនុវត្តនៅក្នុងមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ បញ្ឈប់ការឡើងមកតវ៉ា ទៅរាជធានីភ្នំពេញដែលបង្ក ឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋ ការញុះញង់ និងការក្លែងបន្លំព័ត៌មានមិនពិត ដែលបង្កឱ្យយឺតយ៉ាវដល់ដំណើរការដោះស្រាយ ក្នុងករណីបើមាន ត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន»៕

Advertising