(បន្ទាយមានជ័យ)៖​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ សមាជិកគណ:អចិន្រ្តៃយ៍គណកម្មាធិការកណ្តាល​គណបក្សប្រជានកម្ពុជា​ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៩​នេះ​ បានអញ្ជើញចូលជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្មារតី សន្និបាតគណកម្មាធិការកណ្តាលលើកទី៤១​ អាណត្តិទី៥ខេត្តបន្ទាយមានជ័យ​ ដោយមានសមាជិក​ សមាជីកា​ជិត១,២០០នាក់ បានចូលរួម។

ក្នុងឱកាសនោះ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សមាន​:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានគណបក្ស​ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្ស​ សម្តេចក្រឡាហោម​ ស​ ខេង​ អនុប្រធានគណបក្ស​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ អនុប្រធានគណបក្ស។

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា​បានបន្តបេសកកម្មបម្រើប្រជាជនឆ្ពោះទៅវិបុលភាព​ វិបុលសុខ​គ្រប់ប្រការ​ តាមរយ:ការប្តេជ្ញាប្រឹងប្រែងសម្រេចឲ្យបាននូវការធានាធំៗទាំង៤យ៉ាងជូនប្រជាជនគឺ៖

១. ការធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំសម្រាប់ការរស់នៅ ដោយសុខក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទី ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីដោយមិនឲ្យកម្លាំង ណាមករំលោភបំពាននិងបំផ្លាញបានឡើយ។

២. ការធានាបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងគ្រប់វិស័យដោយផ្តោតលើ ការធ្វើកំណែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងបង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាពរឹងមាំ ធននឹងវិបត្តិនិងទ្រទ្រង់កំណើនប្រកបដោយចិរភាព បរិយាប័ន្ននិងសមធម៌ ផ្តោតអាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស និងការបង្កើនភាពទាក់ទាញនិងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

៣. ការធានាជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ប្រកបដោយគុណភាព​ ព្រមជាមួយនឹងឱកាសទទួលបានការងារ ធ្វើការជួយកសិករក្នុងការពង្រឹងផលិតកម្មនិងរកទីផ្សាលក់កសិផល ការបន្តដំឡើងប្រាក់ឈ្នួល​ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតព្រមទាំងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករ និយោជិត ការបង្កើនប្រាក់បៀវត្យនិងប្រាក់សោធននិវត្តជូនមន្រ្តីសាធារណ:គ្រប់ប្រភេទ ព្រមទាំងនិវត្តជននិងអតីតយុទ្ធជន ការពង្រឹកបណ្តាញផ្គត់ផ្គង់និងការបញ្ចុះថ្លៃអគ្គិសនី និងទឹកស្អាត។ ល។

៤. ការធានានូវសន្តិភាពសង្គមនិងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងក្នុងបច្ចប្បន្ន ក៏ដូចជាអនាគត តាមរយ:ការអភិវឌ្ឍនិងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាពនិងចិរភាពសម្រាប់ប្រជាជនគ្រប់រួប ពិសេសសម្រាប់អ្នកក្រីក្រនិងក្រុមជនងាយរងគ្រោះដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តដោយអរគុណដល់ថ្នាក់ដឹកនាំ​ សមាជិកគ្រប់ជាន់ថ្នាក់ដែលបានដឹកនាំ​ និងចូលរួមបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់និងសូមឲ្យបងប្អូនទាំងអស់ ត្រូវបន្តរួបរួមគ្នា​ថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយ ឲ្យបានគង់វង្សស្ថិតស្ថេរដើម្បីជាប្រយោជន៍ ដល់មនុស្សជាតិគ្រប់ជំនាន់តរៀងទៅ៕