(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានចុះអនុស្សារណៈយោគយល់ គ្នាជាមួយអង្គការ Konrad-Adenauer-Stiftung (KAS) ដែលជាអង្គការក្រៅរដ្ឋាភិបាល របស់ប្រទេសអាល្លឺម៉ង់ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពស្ថាប័នសម្រាប់ជំនួយផ្នែកច្បាប់ ក្នុងគោលដៅជួយគាំទ្រដល់កម្មវិធី កំណែទម្រង់ច្បាប់ និងតុលាការ របស់ក្រសួងយុត្តិធម៌។។

អនុស្សារណៈយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងអង្គការ Konrad-Adenauer-Stiftung (KAS) មានរយៈពេល៣ឆ្នាំ (២០១៩-២០២១)។

ក្នុងការអនុវត្តកម្មវិធីនេះ អង្គការ Konrad-Adenauer-Stiftung (KAS) នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាល និងពង្រឹងជំនាញដល់អ្នកផ្តល់សេវាជំនួយផ្នែកច្បាប់រួមមានមន្រ្តី នៃក្រសួងយុត្តិធម៌ មេធាវី ក្រឡាបញ្ជី និងព្រះរាជអាជ្ញាជាដើម តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា ទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងនិងក្រៅប្រទេស។

អង្គការ Konrad-Adenauer-Stiftung (KAS) ក៏នឹងធ្វើការតាក់តែង ចងក្រង និងបោះពុម្ពសៀវភៅ សម្រាប់អ្នកផ្តល់សេវាជំនួយផ្នែកច្បាប់ផងដែរ ជាពិសេសសម្រាប់មន្រ្តីបម្រើការងារនៅតាមមណ្ឌលសេវាយុត្តិធម៌ របស់ក្រសួងយុត្តិធម៌ នៅថ្នាក់ស្រុក និងសង្កាត់៕