(ភ្នំពេញ)៖ លោកឧកញ៉ា លីហួរ ត្រូវបានបន្ដជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងអាណត្ដិទី២ ប​ន្ទាប់ពីត្រូវបានសមាជិក សមាជិកាសមាគម ជឿជាក់ និងបន្ដបោះឆ្នោតជ្រើសរើសតាំង លោកឧកញ៉ា លីហួរ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសមហាសន្និបាតលើកទី២ ។

ដើម្បីឆ្លើយតបទៅនឹង ការផ្ដល់ទំនុកចិត្ដ របស់សមាជិក លោក ឧកញ៉ា លី ហួរ បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា ហើយខ្ញុំសូមដាក់ទិសដៅ និងផែនការយុទ្ធសាស្ដ្រសម្រាប់អនុវត្ដក្នុងអាណត្ដិទី២នេះ ចំនួន៧ចំណុច សំខាន់»។

*ទិសដៅអាណត្ដិថ្មីនេះ រួមមាន៖

១៖ ពង្រីកកិត្យានុភាព របស់សមាគមឲ្យអ្នកវិនិយោគសំណង់ ក្នុងស្រុក និងអន្ដរជាតិ បានស្គាល់កាន់តែខ្លាំង ។

២៖ ទាក់ទាញក្រុមហ៊ុនវិនិយោគសំណង់លំនៅឋានថ្មីៗ ចូលជាសមាជិកសមាគម ឲ្យបានជាអតិបរិមា ។

៣៖ បង្កើតវេទិកាធុរកិច្ចក្នុងស្រុកសម្រាប់ពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយស្ថាប័នដែលពាក់ព័ន្ធទាំងក្របខណ្ឌសមាគម ស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងស្រុក និងអន្ដរជាតិ ។

៤៖ ពង្រឹងផ្ទៃក្នុងសមាគមឲ្យកាន់តែរឹងមាំ តាមរយៈការរៀបចំប្រជុំផ្ទៃក្នុង ធ្វើសន្និបាត វិសាមញ្ញ ពិភាក្សាពីបញ្ហានានា ដែលធ្វើឲ្យប៉ះពាល់ ដល់ការវិនិយោគរបស់សមាជិក-សមាជិកា។

៥៖ បង្កើតយន្ដការភាពជាដៃគូរាជរដ្ឋាភិបាល និងផ្នែកឯកជន ដែលមានភាគីដែលពាក់ព័ន្ធ និងទទួលខុសត្រូវ តាមវិស័យនីមួយៗដូចជា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយដ្ឋាន​ឧស្សាហកម្មហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថាប័នមួយចំនួនទៀត ។

៦៖ បង្កើតក្រុមការងារសិក្សាស្រាវជ្រាវ និងចងក្រងទិន្នន័យអចលនទ្រព្យ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ។

៧៖ បានរៀបចំដំណើរទស្សនកិច្ច កិច្ចប្រជុំ ចូលរួមសន្និបាត ជូនសមាជិក-សមាជិកា ដើម្បីចែករំលែកបទពិសោធន៍ និងសិក្សាស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងសំណង់ថ្មីៗ នៅក្នុងតំបន់ និងអន្ដរជាតិ ៕