(ព្រះវិហារ)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ចេញលិខិតបដិសេធថា រូបភាពបំផ្លិចបំផ្លាញរូបចម្លាក់នៅតាមជញ្ជាំង ប្រាសាទបន្ទាយខាងក្នុងភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី នៅក្នុងតំបន់ប្រាសាទបាកាណ (ព្រះខ័ន) ក្នុងខេត្តព្រះវិហារ ថាមានការដាប់រូបចម្លាក់នៅពេលថ្មីៗនេះ មិនពិតនោះទេ គឺរូបភាពនេះមានតាំងពីទសវត្សឆ្នាំ១៩៩០ មកម្ល៉េះ ប៉ុន្តែបច្ចុប្បន្ន ត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាកព័ន្ធផងដែរ។

នេះបើតាមលិខិតបដិសេធរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ។

ការចេញលិខិតបដិសេធរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារខាងលើនេះ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានថា មានជនខិលខូច បានលួចដាប់រូបចម្លាក់នៅតាមប្រាសាទដែលធ្វើឱ្យសាធារណជនទូទៅមានការភ័ន្តច្រឡំ និងចោទប្រកាន់មកលើអាជ្ញាធរពាក់ព័ន្ធ ថាមិនយកចិត្តទុកដាក់លើភារកិច្ចការពារសម្បត្តិបេតិកភណ្ឌរបស់ជាតិ ផងដែរ។

សូមបញ្ជាក់ថា រូបភាពដែលបានដាប់បំផ្លាញតាំងពីទសវត្សទី៩០ មកម្ល៉េះ មិនមែនជាការដាប់បំផ្លាញនាពេលថ្មីនេះទេ។ នាពេលបច្ចុប្បន្នតំបន់ប្រាសាទ ត្រូវទទួលការគាំពារ និងអភិរក្ស ដោយមានកម្លាំងអភិរក្ស និងប៉ូលីសបេតិកភណ្ឌ ដែលឈរជើងប្រចាំការនៅទីនោះមិនក្រោម៣០នាក់ នោះទេ។

ជាមួយគ្នានេះដែរលោក នៅ ចាន់គង់ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា ចំពោះករណីដែលមានប្រព័ន្ធផ្សព្វផ្សាយចំនួនថា មានជនខិលខូចលួចដាក់រូបចម្លាក់លើជញ្ជាំង នៅតំបន់ប្រាសាទបាកាណ (ព្រះខ័ន) គឺជារូបភាពតាំងពីទសវត្សឆ្នាំ៩០មកម្ល៉េះ និងសុំបដិសេធទាំងស្រុងចំពោះការចុះផ្សាយ របស់បណ្តាញព័ត៌មានមួយចំនួនកាលពីថ្មីៗនេះផងដែរ។

លោកបានបន្តថា សម្រាប់រូបដែលបានយកទៅផ្សព្វផ្សាយថ្មីៗនេះ គឺជារូបភាពដែលគេយកមក Edited តែប៉ុណ្ណោះ ព្រមទាំងថតខុសទីតាំង ដើម្បីយកមកវាយប្រហារដល់ការគ្រប់គ្រងរបស់មន្ទីរវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ គ្មានអ្នកណាគេរកស៊ីវត្ថុបុរាណ ដូចសម័យសង្គ្រាមនោះទេ៕