(ព្រះសីហនុ)៖ ក្នុងឆ្នាំ២០១៨ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទំហំប្រមាណ៣៧២លានដុល្លារអាមេរិក មានការកើនឡើង ប្រមាណ៦៨% បើប្រៀបធៀបការនាំចេញ នៅឆ្នាំ២០១៧។ នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០១៩នេះ។

ជាក់ស្ដែង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក QianKeming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។

កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងភាគីកម្ពុជានិងចិន ស្តីពី ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលបានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។

តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយប្រមាណ១៣គីឡូម៉ែត្រ ពីកំពង់ផែក្រុងព្រះសីហនុ ត្រូវបានបង្កើតឡើង តាមរយៈអនុក្រឹត្យលេខ២៤អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ លើទំហំផ្ទៃដី១,១១៣ហិកតា។

បច្ចុប្បន្ន ក្រុមហ៊ុន បានរៀបចំហេដ្ឋារចនាម្ព័ន្ធ ក្នុងតំបន់លើផ្ទៃដីចំនួន៦២៨ហិកតា ដូចជា៖ ផ្លូវថ្នល់ បណ្តាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ អគារការិយាល័យរដ្ឋបាល មជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ -ល-។

បច្ចុប្បន្ន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានក្រុមហ៊ុនចំនួន១៦១ បានចុះបញ្ជីវិនិយោគ ដែលមានដើមទុន សរុបចំនួនប្រមាណ៩១៨លានដុល្លារអាមេរិក និងបានស្របយកកម្លាំងពលកម្មចំនួន ២២,៤៩៥នាក់ ក្នុងមុខសញ្ញាផលិតកម្មនានាដូចជា៖

* គ្រឿងអេឡិចត្រូនិក * ខ្សែបង្ខំអគ្គិសនី * សំបកកង់រថយន្ត * គ្រឿងបន្លាស់រថយន្ត * ស៊ុមទូរទស្សន៍ * សម្ភារបរិក្ខារបន្ទប់ទឹក * ផលិតផលក្តារប៉ាកេ និងក្តារបន្ទះ * សម្ភារការិយាល័យ * វត្ថុអនុស្សាវរីយ៍ * សម្ភារបរិក្ខារកីឡា សម្លៀកបំពាក់ ស្បែកជើង កាបូប និងវ៉ាលីស និងសម្ភារប្រើប្រាស់ក្នុងផ្ទះ -ល-។

ក្នុងឆ្នាំ២០១៨ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទំហំប្រមាណ៣៧២លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ៦៨% បើប្រៀបធៀបការនាំចេញ នៅឆ្នាំ២០១៧។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាពេលកន្លងមក ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពង្រឹងចំណងទាក់ទង រវាងប្រទេស ទាំងពីរកម្ពុជា-ចិន ស្របតាមគោលនយោបាយចតុកោណ និងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយខ្សែក្រវាត់មួយផ្លូវមួយ របស់រដ្ឋាភិបាលចិន និងបានផ្លាស់ប្តូរយោបល់ លើរបៀបវារៈមួយចំនួន ដូចជាការកែលម្អបរិស្ថានធុរកិច្ច និងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងការជំរុញការបង្កើតនូវកន្សោមឧស្សាហកម្ម៕